គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពេត្រុស 3:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឥឡូវ​នេះ ពួក​ស្ងួនភ្ងា​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​ទី​២​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ក្នុង​សំបុត្រ​ទាំង​២​ច្បាប់ ខ្ញុំ​បាន​រំឭក​ដាស់‌តឿន​សតិ‌ស្មារតី​ដ៏​ស្អាតរបស់​អ្នក​រាល់​គ្នា​ហើយ

2. ដើម្បី​ឲ្យ​បាន​នឹក​ចាំ ពី​អស់​ទាំង​សេចក្តី ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពី​ដើម និង​ពី​សេចក្តី​បញ្ញត្ត​របស់​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ ដែល​បង​ប្អូន​បាន​ឮ​ដោយ‌សារ​យើង​ខ្ញុំ ជា​ពួក​សាវក

3. ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡក‌ឡឺយ​ថា

4. តើ​សេចក្តី​សន្យា​ពី​ព្រះ‌អង្គ​យាង​មក​នៅ​ឯ​ណា ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល​ដូច​ជា​ពី​កំណើត​លោកីយ៍​រៀង​មក​ដែរ

5. ពី​ព្រោះ​គេ​ចង់​បំភ្លេច​ថា ពី​ចាស់​បុរាណ​មាន​ផ្ទៃ​មេឃ ក៏​មាន​ដី​ដុះ​ចេញ​ពី​ទឹក ហើយ​នៅ​ក្នុង​ទឹក​ផង ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ

6. រួច​មក​លោកីយ៍​ត្រូវ​ទឹក​នោះ​ជន់​លិច​បំផ្លាញ​ទៅ

7. តែ​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ជាន់​នេះ បាន​បំរុង​ទុក​ដល់​ថ្ងៃ​ជំនុំ‌ជំរះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ទ្រង់ សំរាប់​ឲ្យ​ភ្លើង​ឆេះ​វិញ ហើយ​បំផ្លាញ​មនុស្ស​ទមិល​ល្មើស​ចេញ

8. តែ​ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​ភ្លេច​សេចក្តី​១​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ‌អម្ចាស់​១​ថ្ងៃ​ទុក​ដូច​ជា​១​ពាន់​ឆ្នាំ ហើយ​១​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​១​ថ្ងៃ​ដែរ

9. ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្តី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ

10. រីឯ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំ‌គ្រេង ឯ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង ហើយ​ផែនដី និង​ការ​សព្វ​សារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ។

11. ចុះ​ដែល​របស់​ទាំង​នោះ​នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ និង​សេចក្តី​គោរព​ប្រតិ‌បត្តិ

សូមអានជំពូកពេញលេញ ២ ពេត្រុស 3