គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពេត្រុស 2:8-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ដ្បិត​អ្នក​សុចរិត​នោះ ដែល​នៅ​ជា​មួយ​នឹង​គេ ក៏​កើត​ទុក្ខ​ក្នុង​ចិត្ត​សុចរិត​របស់​លោក​រាល់​តែ​ថ្ងៃ ដោយ​បាន​ឮ ហើយ​ឃើញ​ការ​ទទឹង​ច្បាប់ ដែល​គេ​ប្រព្រឹត្ត​ធ្វើ

9. បើ​ដូច្នេះ​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្តី​ល្បួង ហើយ​នឹង​ឃុំ​ទុក​មនុស្ស​ទុច្ចរិត សំរាប់​នឹង​ធ្វើ​ទោស​ក្នុង​ថ្ងៃ​ជំនុំ‌ជំរះ​វិញ

10. គឺ​ពួក​អស់​អ្នក​ដែល​ដើរ​តាម​សាច់​ឈាម​ជា​ដើម ដែល​គេ​មាន​សេចក្តី​ប៉ង‌ប្រាថ្នា​ខាង​ឯ​ការ​ស្មោក‌គ្រោក ហើយ​ក៏​មើល‌ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា​ដែរ គេ​ជា​ពួក​ព្រហើន មាន​ក្បាល​រឹង ដែល​មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ដល់​ទាំង​ពួក​ប្រសើរ​ឧត្តម​ផង

11. ដែល​ពួក​ទេវតា​ដ៏​មាន​កំឡាំង មាន​ឫទ្ធិ​លើស​ជាង​គេ​ទៅ​ទៀត ក៏​មិន​ហ៊ាន​ប្រមាថ​ដល់​ពួក​នោះ នៅ​ចំពោះ​ព្រះ‌អម្ចាស់​ឡើយ

12. តែ​ដោយ​ព្រោះ​គេ​ជេរ​ប្រមាថ​ដល់​ការ​ដែល​គេ​មិន​ស្គាល់ នោះ​គេ​នឹង​ត្រូវ​វិនាស​បាត់​ក្នុង​ការ​ខូច​អាក្រក់​របស់​គេ​អស់​រលីង ដូច​ជា​សត្វ​តិរច្ឆាន ដែល​កើត​មក​សំរាប់​តែ​ឲ្យ​គេ​ចាប់ ហើយ​កាប់​សំឡាប់​ប៉ុណ្ណោះ​ដែរ

13. គេ​ហៀប​នឹង​ទទួល​រង្វាន់​នៃ​ការ​ទុច្ចរិត គេ​ជា​ពួក​អ្នក​ដែល​រាប់​ការ​ស្រើប‌ស្រាល​នៅ​ពេល​ថ្ងៃ ទុក​ជា​ការ​ត្រេក‌អរ​សប្បាយ គេ​ជា​ស្នាម​ប្រឡាក់ ហើយ​ជា​សេចក្តី​ស្មោក‌គ្រោក គេ​ត្រេក‌អរ​ដោយ​សេចក្តី​បញ្ឆោត​របស់​ខ្លួន ក្នុង​ពេល​កំពុង​ដែល​គេ​ស៊ី​លៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា

14. គេ​មាន​ចិត្ត​នឹក​ឃើញ​តែ​ស្រី​សំផឹង គេ​មិន​ចេះ​លែង​ធ្វើ​បាប​ឡើយ ក៏​បិទ​នុយ​ចាប់​ព្រលឹង​មនុស្ស​ដែល​មិន​ខ្ជាប់‌ខ្ជួន ហើយ​មាន​ចិត្ត​ធ្លាប់​ខាង​ឯ​សេចក្តី​លោភ គឺ​ជា​មនុស្ស​ដែល​ត្រូវ​បណ្តាសា

15. គេ​បាន​បោះ​បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បាឡាម​ជា​កូន​បេអ៊រ ដែល​ស្រឡាញ់​កំរៃ​នៃ​ការ​ទុច្ចរិត

16. តែ​គាត់​ត្រូវ​បន្ទោស ដោយ​ព្រោះ​ការ​រំលង​របស់​គាត់ ដោយ​សត្វ​ព្រនាក់គ បាន​និយាយ​ជា​សំឡេង​មនុស្ស ទាំង​ឃាត់‌ឃាំង​សេចក្តី​ចំកួត​របស់​គាត់

17. ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដែល​សេចក្តី​ងងឹត​សូន្យ​ឈឹង បាន​បំរុង​ទុក​ឲ្យ​គេ​នៅ​អស់​កល្ប‌ជានិច្ច

18. ដ្បិត​គេ​និយាយ​សេចក្តី​អំនួត​អួត​យ៉ាង​សំបើម ទាំង​បិទ​នុយ​ដែល​ប្រកប​ដោយ​សេចក្តី​សំរើប​ខាង​សាច់​ឈាម និង​សេចក្តី​ខូច​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ចាប់​ពួក​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង

19. ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​បាន​សេរី‌ភាព​ផង តែ​ខ្លួន​គេ​ក៏​នៅ​ជាប់​ជា​បាវ​បំរើ​របស់​សេចក្តី​ពុក‌រលួយ​វិញ ដ្បិត​បើ​អ្នក​ណា​ត្រូវ​គេ​បង្ក្រាប​ខ្លួន នោះ​ត្រូវ​នៅ​ជាប់​ជា​បាវ​របស់​អ្នក​នោះ​ហើយ

20. ពី​ព្រោះ​ក្រោយ​ដែល​បាន​រួច​ពី​សេចក្តី​ស្មោក‌គ្រោករបស់​លោកីយ៍​នេះ ដោយ​បាន​ស្គាល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​ហើយ បើ​អ្នក​ណា​ត្រឡប់​ទៅ​ជា​ជាប់​ទាក់‌ទិន ឲ្យ​សេចក្តី​ទាំង​នោះ​បាន​បង្រ្កាប​ខ្លួន​វិញ នោះ​សណ្ឋាន​ក្រោយ​របស់​អ្នក​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត

21. ដ្បិត​បើ​មិន​បាន​ស្គាល់​ផ្លូវ​សុចរិត​សោះ នោះ​ជា​ជាង​ឲ្យ​បាន​ស្គាល់ រួច​បែរ​ចេញ​ពី​សេចក្តី​បញ្ញត្ត​បរិសុទ្ធ ដែល​បាន​ប្រគល់​មក​ហើយ​នោះ​វិញ

22. តែ​មាន​ការ​កើត​មក​ដល់​គេ ដូច​ជា​ពាក្យ​ទំនៀម​ពិត​ដែល​ថា «ឆ្កែ​បាន​ត្រឡប់​ទៅ​ស៊ី​កំអួត​វា ឯ​ជ្រូក​ញី​ដែល​គេ​លាង​ស្អាត​ហើយ បាន​ទៅ​ននៀល​នៅ​ក្នុង​ខ្នាច​វិញ»។

សូមអានជំពូកពេញលេញ ២ ពេត្រុស 2