ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រឹត្តិ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ

1. ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់

2. ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួត​អាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើល‌ងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមឹល‌គុណ មាន​ចិត្ត​មិន​បរិសុទ្ធ

3. មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្តី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ

4. ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ

5. គេ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌ចេស្តា ដែល​មក​ដោយ​ការ​គោរព​ប្រតិ‌បត្តិ​នោះ​ទេ ចូរ​បែរ​ពី​ពួក​មនុស្ស​យ៉ាង​នោះ​ចេញ

6. ដ្បិត​មនុស្ស​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​គេ ទាំង​ល្បួង​នាំ​ពួក​ស្រីៗ​ដែល​ល្ងង់​ឲ្យ​ឈ្លក់​ចិត្ត ដែល​ស្ត្រី​ទាំង​នោះ​ផ្ទុក​ធ្ងន់ ដោយ​អំពើ​បាប​ហើយ ក៏​បណ្តោយ​តាម​សេចក្តី​ប៉ង‌ប្រាថ្នា​ផ្សេងៗ

7. គេ​រៀន​ជានិច្ច ប៉ុន្តែ ពុំ​អាច​នឹង​ចេះ​ដល់​ថ្នាក់​នៃ​សេចក្តី​ពិត​ឡើយ

8. គេ​ជា​អ្នក​ទាស់​ទទឹង​នឹង​សេចក្តី​ពិត បែប​ដូច​ជា​យ៉ានេស និង​យ៉ាម‌ប្រេសបាន​ទាស់​ទទឹង​នឹង​លោក​ម៉ូសេ​ដែរ គឺ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ឯ​សេចក្តី​ជំនឿ

9. ប៉ុន្តែ គេ​មិន​មាន​សេចក្តី​ចំរើន​ជឿន​ឡើង​ទៅ​មុខ​ទៀត​ទេ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្តី​ខ្លៅ‌ល្ងង់​របស់​គេ​ជា​យ៉ាង​ច្បាស់ ដូច​ជា​បាន​ឃើញ​សេចក្តី​ខ្លៅ​ល្ងង់​របស់​អ្នក​ទាំង​២​នោះ​ដែរ។

ពាក្យ​រំលឹក​ដាស់‌តឿន​ផ្សេងៗ

10. តែ​ចំណែក​អ្នក អ្នក​បាន​ស្គាល់​គ្រប់​សេចក្តី​ដែល​ខ្ញុំ​បង្រៀន កិរិយា​ដែល​ប្រព្រឹត្ត និង​បំណង​ចិត្ត សេចក្តី​ជំនឿ សេចក្តី​អត់‌ធ្មត់ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់‌ខ្ជួន​របស់​ខ្ញុំ​ហើយ

11. ព្រម​ទាំង​ការ​ដែល​គេ​បៀត​បៀន​ដល់​ខ្ញុំ និង​សេចក្តី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់‌ទី‌យ៉ូក ក្រុង​អ៊ីកូនាម និង​ក្រុង​លីស្ត្រា ក៏​ស្គាល់​សេចក្តី​បៀត​បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ​ទ្រ​នោះ​ដែរ តែ​ក្នុង​ការ​ទាំង​នោះ ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​វិញ

12. ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ

13. ហើយ​ពួក​អាក្រក់ និង​ពួក​ឆ‌បោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្តី​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង

14. តែ​ឯ​អ្នក ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្តី​នោះ​ពី​អ្នក​ណា

15. ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយ‌សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង

16. គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត

17. ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ។