ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

សេចក្តី​ផ្តើម

1. សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដោយ​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ តាម​សេចក្តី​សន្យា​ឲ្យ​បាន​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

2. ខ្ញុំ​ផ្ញើ​មក​ធីម៉ូថេ ជា​កូន​ស្ងួនភ្ងា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្តី​មេត្តា‌ករុណា និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ហើយ​អំពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

លោក​ប៉ុល​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់ និង​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ

3. ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ខ្ញុំ​បំរើ​ដោយ​បញ្ញា​ចិត្ត​ដ៏​បរិសុទ្ធ ដូច​ជា​ពួក​ឰយុកោ​ខ្ញុំ​ដែរ ដោយ​ព្រោះ​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​ទូល​អង្វរ ទាំង​យប់​ទាំង​ថ្ងៃ

4. គឺ​នឹង​ចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក បាន​ជា​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពេញ​ជា​សេចក្តី​អំណរ​ឡើង

5. ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះ‌ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿ‌ជាក់​ថា ក៏​នៅ​ក្នុង​អ្នក​ផង

6. ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​រំឭក​ដល់​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ​ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ

7. ដ្បិត​ព្រះ‌ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹង‌ធឹង​វិញ

8. ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្តី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌អម្ចាស់​នៃ​យើង ឬ​ដោយ​ព្រោះ​ខ្ញុំ ជា​សិស្ស​របស់​ទ្រង់​ដែល​ជាប់​គុក​នោះ​ឡើយ ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ តាម​ព្រះ‌ចេស្តា​នៃ​ព្រះ​ចុះ

9. ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ក្នុង​ការ‌ងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ធ្វើ​ទេ គឺ​ដោយ​ដំរិះ និង​ព្រះ‌គុណ​នៃ​ទ្រង់​វិញ ដែល​បាន​ផ្តល់​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ មុន​អស់​ទាំង​កល្ប

10. តែ​ឥឡូវ​នេះ ទើប​នឹង​សំដែង​មក ដោយ​ដំណើរ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ទ្រង់​លេច​មក ដែល​ទ្រង់​បាន​បំផ្លាញ​សេចក្តី​ស្លាប់ ហើយ​បាន​យក​ជីវិត និង​សេចក្តី​មិន​ចេះ​ស្លាប់ មក​ដាក់​នៅ​ពន្លឺ ដោយ‌សារ​ដំណឹង​ល្អ​វិញ

11. ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នោះ និង​ជា​សាវក ហើយ​ជា​គ្រូ​បង្រៀន​ដល់​សាសន៍​ដទៃ

12. គឺ​ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើ ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ ដរាប​ដល់​ថ្ងៃ​នោះ​ឯង

13. ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ទុក​ជា​គំរូ​ពី​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

14. ចូរ​រក្សា​បញ្ញើ​ល្អ​ដែល​ផ្ញើ​ទុក​នឹង​អ្នក ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​សណ្ឋិត​នៅ​ក្នុង​យើង។

15. អ្នក​ដឹង​ដំណឹង​ថា ពួក​អ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​ប៉ុន្មាន បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ ក្នុង​ពួក​គេ មាន​ឈ្មោះ​ភីកេ‌ល៉ុស និង​ហ៊ើម៉ូគេន

16. សូម​ឲ្យ​ព្រះ‌អម្ចាស់​ផ្តល់​សេចក្តី​មេត្តា‌ករុណា ដល់​ពួក​ផ្ទះ​អូនេសិភ័រ ដ្បិត​គាត់​បាន​លំហើយ​ចិត្ត​ខ្ញុំ​ជា​ញឹក‌ញយ ក៏​មិន​បាន​ខ្មាស​គេ​ដោយ​ព្រោះ​ចំណង​របស់​ខ្ញុំ​ដែរ

17. កាល​គាត់​នៅ​ក្រុង​រ៉ូម នោះ​គាត់​ខ្នះ‌ខ្នែង​រក​ខ្ញុំ ទាល់​តែ​ឃើញ​ផង

18. សូម​ឲ្យ​ព្រះ‌អម្ចាស់​ផ្តល់ ឲ្យ​គាត់​បាន​សេចក្តី​មេត្តា‌ករុណា ពី​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​នោះ ហើយ​ដែល​គាត់​បាន​ជួយ​ខ្ញុំ នៅ​ក្រុង​អេភេសូរ​យ៉ាង​ណា នោះ​អ្នក​ក៏​ដឹង​លើស​ជាង​គេ​ហើយ។