គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 8:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ថា គេ​ស្ម័គ្រ​ចិត្ត​តាម​កំឡាំង​គេ ហើយ​ហួស​កំឡាំង​គេ​ផង

4. ក៏​សូម​យើង​ខ្ញុំ​ដោយ​ពាក្យ​ទទូច​អង្វរ ឲ្យ​យើង​ខ្ញុំ​ទទួល​យក​ទានរបស់​គេ​នេះ ដែល​ជា​សេចក្ដី​ប្រកប​ក្នុង​ការ‌ងារ​សំរាប់​ពួក​បរិសុទ្ធ

5. មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បាន​សង្ឃឹម​តែ​ប៉ុណ្ណោះ​ទេ គឺ​គេ​បាន​ប្រគល់​ខ្លួន​គេ​ទៅ​ព្រះ‌អម្ចាស់​ជា​មុន​ដំបូង ហើយ​ដល់​យើង​ខ្ញុំ​ថែម​ទៀត តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ

6. បាន​ជា​យើង​ខ្ញុំ​ទូន្មាន​ទីតុស តាម​ការ​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​ហើយ ឲ្យ​គុណ​នេះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ

7. ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​គុណ​នេះ​រឹត​តែ​ច្រើន​ឡើង ដូច​ជា​បាន​ចំរើន​ក្នុង​គ្រប់​សេចក្ដី​ឯ​ទៀត គឺ​ក្នុង​សេចក្ដី​ជំនឿ ពាក្យ​សំដី ចំណេះ សេចក្ដី​ឧស្សាហ៍​គ្រប់​ជំពូក ហើយ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដល់​យើង​ខ្ញុំ​ដែរ

8. ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ជា​ពាក្យ​បង្គាប់​ទេ គឺ​ចង់​តែ​យក​សេចក្ដី​ឧស្សាហ៍​របស់​គេ មក​ល្បង​ល​មើល​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា តើ​ពិត​ត្រង់​ឬ​ទេ​ប៉ុណ្ណោះ

9. ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​កម្រ​របស់​ទ្រង់

10. ខ្ញុំ​សំដែង​គំនិត​ខ្ញុំ​ក្នុង​ការ​នេះ​ដែរ ដ្បិត​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​មិន​គ្រាន់​តែ​ចាប់​ផ្តើម​ធ្វើ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​ចិត្ត​ប្រាថ្នា​ចង់​ធ្វើ តាំង​តែ​ពី​ឆ្នាំ​មុន​មក​ហើយ​ផង

11. ឥឡូវ​នេះ ចូរ​បំពេញ​ការ​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ដែល​មាន​ដូច​ជា​បំណង ដែល​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​នឹង​ធ្វើ​មក​ហើយ​នោះ​ដែរ

12. ដ្បិត​បើ​សិន​ជា​ប្រុង​ប្រៀប​នឹង​ធ្វើ​ហើយ នោះ​ព្រះ​ទ្រង់​ទទួល​អ្នក​តាម​ដែល​មាន មិន​មែន​តាម​ដែល​គ្មាន​នោះ​ទេ

សូមអានជំពូកពេញលេញ ២ កូរិនថូស 8