គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 5:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ពី​ព្រោះ​យើង​ខ្ញុំ​ដឹង​ថា បើ​ត្រសាល​ដែល​ជា​ទី​លំនៅ​របស់​យើង​ខ្ញុំ នៅ​ផែនដី​នេះ ត្រូវ​បំផ្លាញ​វេលា​ណា នោះ​យើង​ខ្ញុំ​មាន​វិមាន​១ ដែល​មក​ពី​ព្រះ មិន​មែន​ធ្វើ​នឹង​ដៃ​ទេ គឺ​នៅ​លើ​ស្ថាន‌សួគ៌​វិញ ជា​វិមាន​នៅ​ជាប់​អស់​កល្ប‌ជានិច្ច

2. ដ្បិត​នៅ​ក្នុង​ត្រសាល​នេះ យើង​ខ្ញុំ​តែង​តែ​ថ្ងូរ ដោយ​សង្វាត​នឹង​ចង់​ប្រដាប់​ខ្លួន ដោយ​ទី​លំនៅ​របស់​យើង​ខ្ញុំ ជា​ទី​លំនៅ​ដែល​មក​ពី​ស្ថាន‌សួគ៌​ណាស់

3. ឲ្យ​តែ​យើង​ខ្ញុំ​បាន​ប្រដាប់​ខ្លួន​ចុះ ដើម្បី​កុំ​ឲ្យ​មាន​ឃើញ​យើង​ខ្ញុំ​នៅ​អាក្រាត​ឡើយ

4. ដ្បិត​យើង​ខ្ញុំ​ដែល​នៅ​ក្នុង​ត្រសាល​នេះ យើង​ថ្ងូរ​មែន ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់ ពី​ព្រោះ​យើង​មិន​ចង់​ដោះ​សំលៀក‌បំពាក់​នេះ​ចេញ​ទេ គឺ​ចង់​តែ​ស្លៀក‌ពាក់​វិញ ដើម្បី​ឲ្យ​ជីវិត​បាន​លេប​របស់ ដែល​តែង​តែ​ស្លាប់ ឲ្យ​បាត់​ទៅ​នោះ

5. រីឯ​អ្នក​ដែល​បាន​បង្កើត​យើង​ខ្ញុំ​សំរាប់​ការ​នោះ​ឯង ជា​ព្រះ​ដែល​ទ្រង់​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ខ្ញុំ​ដែរ។

6. ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿ‌ជាក់​ជា​ដរាប ហើយ​ដឹង​ថា ដែល​យើង​ខ្ញុំ​នៅ​ក្នុង​រូប‌កាយ​នេះ នោះ​យើង​ខ្ញុំ​នៅ​ឃ្លាត​ពី​ព្រះ‌អម្ចាស់

7. ដ្បិត​យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ

8. ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿ‌ជាក់ ហើយ​ក៏​សុខ​ចិត្ត​ស៊ូ​ចេញ​ពី​រូប‌កាយ​នេះ ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌អម្ចាស់​ជា​ជាង

9. ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូប‌កាយ ឬ​ឃ្លាត​ពី​រូប‌កាយ​ក្តី

10. ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំ‌ជំរះ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូប‌កាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី។

11. ដូច្នេះ ដែល​ស្គាល់​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អម្ចាស់ នោះ​យើង​ខ្ញុំ​ក៏​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​យើង​ខ្ញុំ​ជា​អ្នក​ប្រាកដ​ច្បាស់​ដល់​ព្រះ​ហើយ ខ្ញុំ​ក៏​សង្ឃឹម​ថា ដល់​បញ្ញា​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរ

សូមអានជំពូកពេញលេញ ២ កូរិនថូស 5