ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌គ្រីស្ទ​ជួយ​គាំពារ​អ្នក​ផ្សាយ​ដំណឹង​ល្អ

1. ដូច្នេះ ដែល​មាន​ការ‌ងារ​នេះ នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ តាម​ខ្នាត​នៃ​សេចក្ដី​មេត្តា‌ករុណា ដែល​យើង​ខ្ញុំ​ទទួល​មក

2. យើង​ខ្ញុំ​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ឬ​បំប្លែង​ព្រះ‌បន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុក‌ផ្តាក់​ខ្លួន និង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សំដែង​សេចក្ដី​ពិត​វិញ

3. បើ​សិន​ណា​ជា​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ​ត្រូវ​គ្រប​បាំង នោះ​គឺ​ត្រូវ​គ្រប​បាំង​ចំពោះ​តែ​ពួក​អ្នក ដែល​កំពុង​វិនាស​ទេ

4. ជា​ពួក​អ្នក ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សំដែង​ពី​សិរី‌ល្អ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ

5. យើង​ខ្ញុំ​មិន​ប្រកាស​ប្រាប់​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ដែរ

6. ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​ព្រះ‌បន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរី‌ល្អ​របស់​ព្រះ ដែល​នៅ​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ។

7. យើង​មាន​ទ្រព្យ‌សម្បត្តិ​នេះនៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ‌ឫទ្ធិ​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ

8. ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់‌សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្ដី​វិល‌វល់ តែ​មិន​ទ័ល​គំនិត​ទេ

9. មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ

10. យើង​ខ្ញុំ​ផ្ទុក​សេចក្ដី​សុគត​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ នៅ​ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សំដែង​មក ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ដែរ

11. ដ្បិត​យើង​រាល់​គ្នា​ដែល​រស់​នៅ នោះ​យើង​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សំដែង​មក ក្នុង​រូប​សាច់​យើង ដែល​តែង​តែ​ស្លាប់​នេះ

12. ហេតុ​នោះ​បាន​ជា​សេចក្ដី​ស្លាប់​កំពុង​តែ​ចំរើន​ឡើង​ក្នុង​យើង​ខ្ញុំ តែ​ជីវិត​ចំរើន​ក្នុង​អ្នក​រាល់​គ្នា​វិញ

13. ហើយ​ដែល​មាន​ចិត្ត​ជឿ​ដូច​គ្នា ត្រូវ​នឹង​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ខ្ញុំ​បាន​ជឿ បាន​ជា​ខ្ញុំ​និយាយ» នោះ​យើង​ខ្ញុំ​ក៏​ជឿ​ដែរ បាន​ជា​យើង​ខ្ញុំ​និយាយ

14. ដោយ​ដឹង​ថា ព្រះ‌អង្គ ដែល​ប្រោស​ព្រះ‌អម្ចាស់​យេស៊ូវ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌យេស៊ូវ ហើយ​នឹង​នាំ​យើង​ខ្ញុំ​ទៅ​នៅ​ចំពោះ​ទ្រង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ

15. ពី​ព្រោះ​គ្រប់​ទាំង​អស់​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌គុណ ដែល​ចំរើន​ឡើង ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​អរ​ព្រះ‌គុណ​ចំរើន​ជា​បរិបូរ​ឡើង ដល់​សិរី‌ល្អ​នៃ​ព្រះ​លើស​ទៅ​ទៀត។

លំនៅ​ដែល​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច

16. ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក‌រលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុងកំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ

17. ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី‌ល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប‌ជានិច្ច​វិញ

18. ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិត‌ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​វិញ។