គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 3:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ តើ​យើង​ចាប់​តាំង​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​ខ្ញុំម្តង​ទៀត​ឬ​អី តើ​យើង​ខ្ញុំ​ត្រូវ​ការ​នឹង​សំបុត្រ​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​នឹង​អ្នក​រាល់​គ្នា ឬ​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ឲ្យ​សំបុត្រ​ផ្ទុក‌ផ្តាក់​យើង​នឹង​គេ ដូច​ជា​អ្នក​ខ្លះ​ត្រូវ​ការ​ឬ​អី

2. គឺ​អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​យើង​ខ្ញុំ​ហើយ ទាំង​កត់​ទុក​ក្នុង​ចិត្ត​យើង​ខ្ញុំ​ផង ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ

3. ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក ដោយ​ការ‌ងារ​យើង​ខ្ញុំ មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ

4. ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នោះ​ដល់​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ

5. មិន​មែន​ថា យើង​ខ្ញុំ​ពូកែ​ល្មម​ដោយ​ខ្លួន​ឯង និង​គិត​ស្មាន​ថា មាន​អ្វី​កើត​ពី​ខ្លួន​យើង​ខ្ញុំ​នោះ​ឡើយ តែ​ដែល​យើង​ខ្ញុំ​ពូកែ នោះ​មក​តែ​ពី​ព្រះ​ទេ

6. ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​ខ្ញុំ​អាច​នឹង​ធ្វើ​ជា​អ្នក​បំរើ​នៃ​សញ្ញា​ថ្មី​បាន មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ គឺ​តាម​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​ន័យ​ពាក្យ នោះ​ធ្វើ​ឲ្យ​ស្លាប់ តែ​ព្រះ‌វិញ្ញាណ ទ្រង់​ប្រទាន​ឲ្យ​មាន​ជីវិត​វិញ។

7. ហើយ​បើ​ការ‌ងារ​ខាង​ឯ​សេចក្ដី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​លើ​ថ្ម​បាន​កើត​មក​ក្នុង​សិរី‌ល្អ ដល់​ម៉្លេះ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​អាច​នឹង​សំឡឹង​មើល​មុខ​លោក​ម៉ូសេ​បាន​ទេ ដោយ​ព្រោះ​សិរី‌ល្អ​នៃ​មុខ​លោក គឺ​ជា​សេចក្ដី​ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ

8. នោះ​ចំណង់​បើ​ការ‌ងារ​ខាង​ឯ​ព្រះ‌វិញ្ញាណ តើ​នឹង​មាន​សិរី‌ល្អ​លើស​ជាង​អម្បាលម៉ាន​ទៅ

9. ដ្បិត​បើ​សិន​ជា​ការ‌ងារ​ខាង​ឯ​សេចក្ដី​កាត់​ទោស មាន​សិរី‌ល្អ​ទៅ​ហើយ នោះ​ការ‌ងារ​ខាង​ឯ​សេចក្ដី​សុចរិត ប្រាកដ​ជា​នឹង​មាន​សិរី‌ល្អ​ជា​បរិបូរ​លើស​ទៅ​ទៀត

10. ពី​ព្រោះ​ឯ​សេចក្ដី​ដែល​មាន​សិរី‌ល្អ​ពី​ដើម​នោះ បាន​ដូច​ជា​គ្មាន​សិរី‌ល្អ​វិញ ដោយ​ព្រោះ​សិរី‌ល្អ​នេះ​ដែល​លើស​ទៅ​ទៀត

11. ដ្បិត​បើ​សិន​ជា​សេចក្ដី​នោះ ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ បាន​មក​ដោយ‌សារ​សិរី‌ល្អ នោះ​សេចក្ដី​ដែល​ជាប់​នៅ ប្រាកដ​ជា​មាន​សិរី‌ល្អ​លើស​ទៅ​ទៀត

សូមអានជំពូកពេញលេញ ២ កូរិនថូស 3