គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 12:4-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. អ្នក​នោះ​បាន​លើក​ឡើង​ដល់​ស្ថាន‌បរម‌សុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ

5. ខ្ញុំ​នឹង​មាន​សេចក្ដី​អំនួត​ពី​មនុស្ស​នោះ ខ្ញុំ​មិន​អួត​ពី​ខ្លួន​ខ្ញុំ​ទេ លើក​តែ​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ​ចេញ

6. ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន នោះ​គង់​តែ​ខ្ញុំ​មិន​មែន​ខ្លៅ​ល្ងង់​ទេ ដ្បិត​ខ្ញុំ​និយាយ​តាម​តែ​សេចក្ដី​ពិត ប៉ុន្តែ ខ្ញុំ​ឈប់​ស្លេះ​ចុះ ក្រែង​អ្នក​ណា​រាប់​ខ្ញុំ ទុក​ជា​លើស​ជាង​ភាព​ដែល​ឃើញ ឬ​ឮ​និយាយ​ពី​ខ្ញុំ។

7. ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ

8. ខ្ញុំ​បាន​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​៣​ដង ឲ្យ​សេចក្ដី​នោះ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ

9. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ

10. ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្ដី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះ‌តិះដៀល ក្នុង​សេចក្ដី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀត‌ចង្អល់ ដោយ​យល់​ដល់​ព្រះ‌គ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ។

11. ខ្ញុំ​បាន​ត្រឡប់​ជា​ល្ងង់​ខ្លៅ ដោយ​សេចក្ដី​អំនួត គឺ​អ្នក​រាល់​គ្នា​បាន​បង្ខំ​ខ្ញុំ ដ្បិត​គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្ទុក‌ផ្តាក់​ខ្ញុំ​វិញ ទោះ​បើ​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​ចាញ់​ពួក​សាវក​ធំ​ណា​មួយ​នោះ​ទេ

12. ពិត​មែន មាន​ភស្តុ‌តាង​បាន​កើត​ឡើង​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​នឹង​បញ្ជាក់​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ ដោយ​ការ​អត់​ធន់ ដោយ​ទី​សំគាល់ ការ​អស្ចារ្យ និង​ការ​ឬទ្ធិ‌បារមី​គ្រប់​យ៉ាង

13. តើ​អ្នក​រាល់​គ្នា​បាន​ចាញ់​ពួក​ជំនុំ​ឯ​ទៀត​ទាំង​ប៉ុន្មាន​យ៉ាង​ណា​ខ្លះ លើក​ចេញ​តែ​ការ​ដែល​ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ សូម​អត់​ទោស​សេចក្ដី​កំហុស​នេះ​ឲ្យ​ខ្ញុំ​ផង។

14. មើល ខ្ញុំ​រៀប​នឹង​មក​ឯ​អ្នក​រាល់​គ្នា ជា​គំរប់​៣​លើក​នេះ​ហើយ ខ្ញុំ​ក៏​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ​ទៀត ដ្បិត​ខ្ញុំ​មិន​រក​ចង់​បាន​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ទេ គឺ​រក​តែ​ខ្លួន​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដ្បិត​មិន​គួរ​ឲ្យ​កូន​ចៅ​ត្រូវ​ប្រមូល​ទុក​ឲ្យ​ឪពុក​ម្តាយ​ទេ គឺ​ឪពុក​ម្តាយ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​ឲ្យ​កូន​វិញ

15. ឯ​ខ្ញុំៗ សុខ​ចិត្ត​នឹង​ចែក​ចាយ ហើយ​នឹង​ត្រូវ​ហិន​អស់​រលីង​ទៅ​ចុះ ដោយ​ព្រោះ​ព្រលឹងរបស់​អ្នក​រាល់​គ្នា ថ្វី​បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ប៉ុណ្ណា នោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ក៏​កាន់​តែ​ថយ​ចុះ​ប៉ុណ្ណោះ​ដែរ

16. ទោះ​បើ​ដូច្នោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​មួយ​ព្រួយ​នឹង​ខ្ញុំ​ឡើយ តែ​ដោយ​ខ្ញុំ​ឆ្លាត បាន​ជា​ខ្ញុំ​ចាប់​អ្នក​រាល់​គ្នា ដោយ​ឧបាយ‌កល

17. តើ​ខ្ញុំ​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​ណា​ដែល​ខ្ញុំ​ចាត់​មក​ឬ​អី

18. ខ្ញុំ​បាន​អង្វរ​អ្នក​ទីតុស​ឲ្យ​មក ហើយ​បាន​ចាត់​បង​ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​ដែរ តើ​ទីតុស​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា​ឬ​អី តើ​យើង​ទាំង​២​នាក់​មិន​បាន​ដើរ​ដោយ​គំនិត​តែ​១ ហើយ​តាម‌ដាន​ជើង​ដដែល​ទេ​ឬ​អី។

19. មួយ​ទៀត តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា យើង​ខ្ញុំ​កំពុង​តែ​ដោះ​សា​នឹង​អ្នក​រាល់​គ្នា​ឬ​អី ឱ​ពួក​ស្ងួនភ្ងា​អើយ យើង​ខ្ញុំ​និយាយ​ក្នុង​ព្រះ‌គ្រីស្ទ​នៅ​ចំពោះ​ព្រះ ហើយ​យើង​ខ្ញុំ​និយាយ​គ្រប់​ទាំង​អស់​នេះ សំរាប់​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ទេ

សូមអានជំពូកពេញលេញ ២ កូរិនថូស 12