គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 12:12-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ពិត​មែន មាន​ភស្តុ‌តាង​បាន​កើត​ឡើង​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​នឹង​បញ្ជាក់​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ ដោយ​ការ​អត់​ធន់ ដោយ​ទី​សំគាល់ ការ​អស្ចារ្យ និង​ការ​ឬទ្ធិ‌បារមី​គ្រប់​យ៉ាង

13. តើ​អ្នក​រាល់​គ្នា​បាន​ចាញ់​ពួក​ជំនុំ​ឯ​ទៀត​ទាំង​ប៉ុន្មាន​យ៉ាង​ណា​ខ្លះ លើក​ចេញ​តែ​ការ​ដែល​ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ សូម​អត់​ទោស​សេចក្ដី​កំហុស​នេះ​ឲ្យ​ខ្ញុំ​ផង។

14. មើល ខ្ញុំ​រៀប​នឹង​មក​ឯ​អ្នក​រាល់​គ្នា ជា​គំរប់​៣​លើក​នេះ​ហើយ ខ្ញុំ​ក៏​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ​ទៀត ដ្បិត​ខ្ញុំ​មិន​រក​ចង់​បាន​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ទេ គឺ​រក​តែ​ខ្លួន​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដ្បិត​មិន​គួរ​ឲ្យ​កូន​ចៅ​ត្រូវ​ប្រមូល​ទុក​ឲ្យ​ឪពុក​ម្តាយ​ទេ គឺ​ឪពុក​ម្តាយ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​ឲ្យ​កូន​វិញ

15. ឯ​ខ្ញុំៗ សុខ​ចិត្ត​នឹង​ចែក​ចាយ ហើយ​នឹង​ត្រូវ​ហិន​អស់​រលីង​ទៅ​ចុះ ដោយ​ព្រោះ​ព្រលឹងរបស់​អ្នក​រាល់​គ្នា ថ្វី​បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ប៉ុណ្ណា នោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ក៏​កាន់​តែ​ថយ​ចុះ​ប៉ុណ្ណោះ​ដែរ

16. ទោះ​បើ​ដូច្នោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​មួយ​ព្រួយ​នឹង​ខ្ញុំ​ឡើយ តែ​ដោយ​ខ្ញុំ​ឆ្លាត បាន​ជា​ខ្ញុំ​ចាប់​អ្នក​រាល់​គ្នា ដោយ​ឧបាយ‌កល

17. តើ​ខ្ញុំ​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​ណា​ដែល​ខ្ញុំ​ចាត់​មក​ឬ​អី

18. ខ្ញុំ​បាន​អង្វរ​អ្នក​ទីតុស​ឲ្យ​មក ហើយ​បាន​ចាត់​បង​ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​ដែរ តើ​ទីតុស​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា​ឬ​អី តើ​យើង​ទាំង​២​នាក់​មិន​បាន​ដើរ​ដោយ​គំនិត​តែ​១ ហើយ​តាម‌ដាន​ជើង​ដដែល​ទេ​ឬ​អី។

19. មួយ​ទៀត តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា យើង​ខ្ញុំ​កំពុង​តែ​ដោះ​សា​នឹង​អ្នក​រាល់​គ្នា​ឬ​អី ឱ​ពួក​ស្ងួនភ្ងា​អើយ យើង​ខ្ញុំ​និយាយ​ក្នុង​ព្រះ‌គ្រីស្ទ​នៅ​ចំពោះ​ព្រះ ហើយ​យើង​ខ្ញុំ​និយាយ​គ្រប់​ទាំង​អស់​នេះ សំរាប់​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ទេ

20. ដ្បិត​ខ្ញុំ​ខ្លាច​ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​ឃើញ​អ្នក​រាល់​គ្នា ដូច​ជា​ខ្ញុំ​ចូល​ចិត្ត​នោះ​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ឃើញ​ខ្ញុំ ដូច​ជា​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ដែរ ក្រែង​កើត​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ឈ្នានីស គ្នាន់‌ក្នាញ់ បាក់​បែក បរិហារ បង្កាច់ ឆ្មើង‌ឆ្មៃ ហើយ​វឹកវរ​ឡើង

21. ក្រែង​កាល​ណា​ខ្ញុំ​មក​ម្តង​ទៀត នោះ​ព្រះ​នៃ​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នឹង​ត្រូវ​យំ​នឹង​មនុស្ស​ជា​ច្រើន ដែល​ធ្វើ​បាប​ពី​មុន តែ​មិន​បាន​ប្រែ​ចិត្ត​ចេញ ពី​សេចក្ដី​ស្មោក‌គ្រោក សេចក្ដី​កំផិត និង​សេចក្ដី​អាស‌អាភាស ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។

សូមអានជំពូកពេញលេញ ២ កូរិនថូស 12