គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 11:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​បើ​សិន​ណា​ជា​អ្នក​រាល់​គ្នា​នឹង​ទ្រាំ​ទ្រ ចំពោះ​សេចក្ដី​ចំកួត​របស់​ខ្ញុំ​បន្តិច​ទៅ​អេះ សូម​អ្នក​រាល់​គ្នា​ទ្រាំ​ទ្រ​នឹង​ខ្ញុំ​ចុះ

2. ពី​ព្រោះ​ខ្ញុំ​ប្រចណ្ឌ ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ ដ្បិត​ខ្ញុំ​បាន​បំរុង​អ្នក​រាល់​គ្នា​ទុក ឲ្យ​មាន​ប្ដី​តែ​១ ទុក​ដូច​ជា​ក្រមុំ​បរិសុទ្ធ គឺ​ដើម្បី​នឹង​ថ្វាយ​ទៅ​ព្រះ‌គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ

3. តែ​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្ដី​ទៀង​ត្រង់​ខាង​ឯ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយ‌កល​យ៉ាង​នោះ​ដែរ

4. ពី​ព្រោះ​បើ​សិន​ជា​មាន​អ្នក​ណា​មក ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ​១​ទៀត ដែល​យើង​ខ្ញុំ​មិន​បាន​ប្រកាស​ប្រាប់ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​ផ្សេង​ទៀត ដែល​មិន​បាន​ទទួល​ពី​ដើម ឬ​ដំណឹង​ណា​ផ្សេង​ទៀត ដែល​មិន​ទទួល​កាល​ពី​មុន នោះ​អ្នក​រាល់​គ្នា​នឹង​ទ្រាំ​ទ្រ​វិញ​ជា​មិន​ខាន

5. ខ្ញុំ​ស្មាន​ថា ខ្លួន​ខ្ញុំ​មិន​ចាញ់​ពួក​សាវក​យ៉ាង​ធំ​នោះ ក្នុង​ការ​អ្វី​សោះ​ឡើយ

6. ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ប៉ិន​ប៉ាវ​ខាង​ឯ​ពាក្យ​សំដី​ក៏​មែន ប៉ុន្តែ​ខ្ញុំ​មិន​មែន​ខ្សត់​ខ្សោយ​ខាង​ឯ​ចំណេះ​ទេ ហើយ​ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​ខ្ញុំ​បាន​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ច្បាស់​គ្រប់​ជំពូក​ដែរ

7. កាល​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​មក​អ្នក​រាល់​គ្នា​ទទេ ទាំង​បន្ទាប​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ថ្កើង​ឡើង នោះ​តើ​ឈ្មោះ​ថា​ខ្ញុំ​បាន​ធ្វើ​បាប​ឬ​អី

8. ខ្ញុំ​បាន​បង្អត់​ពួក​ជំនុំ​ឯ​ទៀត ដោយ​ទទួល​ឈ្នួល​ពី​គេ ដើម្បី​នឹង​យក​មក​បំរើ​អ្នក​រាល់​គ្នា​វិញ

9. ហើយ​កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា បើ​កាល​ណា​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​កើត​ទុក្ខ​ទេ ដ្បិត​ពួក​បង​ប្អូន ដែល​មក​ពី​ស្រុក​ម៉ាសេដូន បាន​ជួយ​បំពេញ​សេចក្ដី​ដែល​ខ្ញុំ​ខ្វះ​នោះ​ហើយ ខ្ញុំ​មិន​ដែល​ឲ្យ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ពី​ព្រោះ​ខ្ញុំ ក្នុង​ការ​អ្វី​សោះ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​ដែរ

10. ខ្ញុំ​ប្រាប់​ដោយ​នូវ​សេចក្ដី​ពិត​របស់​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្ដី​អំនួត​នេះ​ពី​ខ្ញុំ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ

11. ចុះ​តើ​ដោយ​ហេតុ​អ្វី ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់​គ្នា​ឬ​អី នោះ​ព្រះ‌អង្គ​ទ្រង់​ជ្រាប​ហើយ

សូមអានជំពូកពេញលេញ ២ កូរិនថូស 11