គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 1:9-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. យើង​ខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្ដី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ

10. ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាង​សំបើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ

11. ដោយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ជួយ​អង្វរ​ជួស​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​អំណោយ​ទាន​នោះ ដែល​បាន​ប្រទាន​មក​យើង​ខ្ញុំ ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​ហេតុ ឲ្យ​មនុស្ស​ជា​ច្រើន​បាន​អរ​ព្រះ‌គុណ ដោយ​ព្រោះ​យើង​ខ្ញុំ។

12. ដ្បិត​សេចក្ដី​អំនួត​របស់​យើង​ខ្ញុំ នោះ​គឺ​ជា​សេចក្ដី​បន្ទាល់​របស់​បញ្ញា​ចិត្ត​យើង​ខ្ញុំ ដែល​សំដែង​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ក្នុង​លោកីយ៍​នេះ ហើយ​ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​សេចក្ដី​បរិសុទ្ធ និង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​វិញ

13. យើង​ខ្ញុំ​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ដែល​បាន​អាន​មើល និង​យល់​ព្រម​ហើយ​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​ព្រម​តាម​សេចក្ដី​នោះ​ឯង ដរាប​ដល់​ចុង​បំផុត​ដែរ

14. ដូច​ជា​អ្នក​រាល់​គ្នា​ខ្លះ​បាន​យល់​ព្រម​ហើយ​ថា យើង​ខ្ញុំ​ជា​ទី​អំនួត​របស់​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ក៏​ជា​ទី​អំនួត​របស់​យើង​ខ្ញុំ​ដែរ នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ។

15. ដោយ​ព្រោះ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ បាន​ជា​ខ្ញុំ​គិត​នឹង​មក​ឯ​អ្នក​រាល់​គ្នា​ពី​កាល​មុន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មួយ​លើក​ទៀត

16. ហើយ​ឲ្យ​ខ្ញុំ​បាន​ហួស​ទៅ​ឯ​ស្រុក​ម៉ាសេដូន ដោយ‌សារ​អ្នក​រាល់​គ្នា រួច​សឹម​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ ទៅ​ឯ​ស្រុក​យូដា​ផង

17. ដូច្នេះ ដែល​ខ្ញុំ​សំរេច​ធ្វើ​យ៉ាង​នោះ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​សាវា​ឬ​អី ឬ​ការ​ដែល​ខ្ញុំ​សំរេច​នឹង​ធ្វើ តើ​បាន​សំរេច​តាម​សាច់​ឈាម​បាន​ជា​ជួន‌កាល​ខ្ញុំ​ថា «បាទ» ជួន‌កាល​ថា «ទេ» វិញ​ឬ​អី

18. រីឯ​ព្រះ ទ្រង់​ស្មោះ‌ត្រង់ បាន​ជា​ពាក្យ​សំដី​ដែល​យើង​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​មិន​មែន​ថា «បាទ»ផង «ទេ»ផង​ឡើយ

19. ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​យើង​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ ស៊ីលវ៉ាន និង​ធីម៉ូថេ បាន​ប្រកាស​ប្រាប់​ក្នុង​ពួក​អ្នក​រាល់​គ្នា ទ្រង់​មិន​មែន​ជា «បាទ»ផង «ទេ»ផង​នោះ​ទេ គឺ​មាន​តែ «បាទ» សុទ្ធ​នៅ​ក្នុង​ទ្រង់​ប៉ុណ្ណោះ

សូមអានជំពូកពេញលេញ ២ កូរិនថូស 1