គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 1:13-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. យើង​ខ្ញុំ​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ដែល​បាន​អាន​មើល និង​យល់​ព្រម​ហើយ​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​ព្រម​តាម​សេចក្ដី​នោះ​ឯង ដរាប​ដល់​ចុង​បំផុត​ដែរ

14. ដូច​ជា​អ្នក​រាល់​គ្នា​ខ្លះ​បាន​យល់​ព្រម​ហើយ​ថា យើង​ខ្ញុំ​ជា​ទី​អំនួត​របស់​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ក៏​ជា​ទី​អំនួត​របស់​យើង​ខ្ញុំ​ដែរ នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ។

15. ដោយ​ព្រោះ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ បាន​ជា​ខ្ញុំ​គិត​នឹង​មក​ឯ​អ្នក​រាល់​គ្នា​ពី​កាល​មុន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មួយ​លើក​ទៀត

16. ហើយ​ឲ្យ​ខ្ញុំ​បាន​ហួស​ទៅ​ឯ​ស្រុក​ម៉ាសេដូន ដោយ‌សារ​អ្នក​រាល់​គ្នា រួច​សឹម​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ ទៅ​ឯ​ស្រុក​យូដា​ផង

17. ដូច្នេះ ដែល​ខ្ញុំ​សំរេច​ធ្វើ​យ៉ាង​នោះ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​សាវា​ឬ​អី ឬ​ការ​ដែល​ខ្ញុំ​សំរេច​នឹង​ធ្វើ តើ​បាន​សំរេច​តាម​សាច់​ឈាម​បាន​ជា​ជួន‌កាល​ខ្ញុំ​ថា «បាទ» ជួន‌កាល​ថា «ទេ» វិញ​ឬ​អី

18. រីឯ​ព្រះ ទ្រង់​ស្មោះ‌ត្រង់ បាន​ជា​ពាក្យ​សំដី​ដែល​យើង​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​មិន​មែន​ថា «បាទ»ផង «ទេ»ផង​ឡើយ

19. ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​យើង​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ ស៊ីលវ៉ាន និង​ធីម៉ូថេ បាន​ប្រកាស​ប្រាប់​ក្នុង​ពួក​អ្នក​រាល់​គ្នា ទ្រង់​មិន​មែន​ជា «បាទ»ផង «ទេ»ផង​នោះ​ទេ គឺ​មាន​តែ «បាទ» សុទ្ធ​នៅ​ក្នុង​ទ្រង់​ប៉ុណ្ណោះ

20. ដ្បិត​ទោះ​បើ​មាន​សេចក្ដី​សន្យា​របស់​ព្រះ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​សុទ្ធ​តែ​ជា «បាទ»ក្នុង​ទ្រង់ ហើយ«អាម៉ែន»ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរី‌ល្អ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា

21. រីឯ​អ្នក​ដែល​តាំង​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ដែល​ចាក់​ប្រេងឲ្យ​យើង នោះ​គឺ​ជា​ព្រះ

22. ទ្រង់​ក៏​បាន​ដៅ​ចំណាំ​យើង​រាល់​គ្នា ហើយ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​រាល់​គ្នា​ផង។

23. ខ្ញុំ​សូម​យក​ព្រះ​ធ្វើ​ជា​សាក្សី​ពី​ចិត្ត​ខ្ញុំ​ថា ដែល​ខ្ញុំ​មិន​ទាន់​មក​ឯ​ក្រុង​កូរិន‌ថូស នោះ​គឺ​ដោយ​ប្រណី​ដល់​អ្នក​រាល់​គ្នា​ទេ

24. មិន​មែន​ថា យើង​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​លើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ គឺ​ធ្វើ​ជា​គូ‌កន ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​អំណរ​វិញ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ឈរ​ហើយ ដោយ‌សារ​សេចក្ដី​ជំនឿ។

សូមអានជំពូកពេញលេញ ២ កូរិនថូស 1