គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 1:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ និង​ធីម៉ូថេ ជា​ពួក​បង​ប្អូន ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្រុង​កូរិន‌ថូស ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ដែល​នៅ​គ្រប់​ក្នុង​ស្រុក​អាខៃ

2. សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​មក​អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

3. សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះ‌វរ‌បិតា​ដ៏​មាន​សេចក្ដី​មេត្តា‌ករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក

4. ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្ដី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្ដី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយ‌សារ​សេចក្ដី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ

5. ដ្បិត​ដូច​ជា​សេចក្ដី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ បាន​ចំរើន​ឡើង​ដល់​យើង​រាល់​គ្នា​យ៉ាង​ណា នោះ​សេចក្ដី​ក្សាន្ត​ចិត្ត​នៃ​យើង​រាល់​គ្នា ក៏​ចំរើន​ដោយ‌សារ​ព្រះ‌គ្រីស្ទ​បែប​ដូច្នោះ​ដែរ

6. ដូច្នេះ បើ​សិន​ជា​យើង​ខ្ញុំ​កើត​មាន​សេចក្ដី​វេទនា នោះ​គឺ​សំរាប់​ជា​សេចក្ដី​កំសាន្ត​ចិត្ត និង​សេចក្ដី​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា ជា​សេចក្ដី​ដែល​បាន​កើត​មក ដោយ​ការ​ទ្រាំទ្រ និង​សេចក្ដី​ទុក្ខ​លំបាក​ដដែល ដែល​យើង​ខ្ញុំ​ក៏​រង​ទុក្ខ​ដែរ ហើយ​យើង​ខ្ញុំ​មាន​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​មាំ‌មួន​ផង

7. ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត ដូច​ជា​បាន​ចំណែក​ក្នុង​ការ​ទុក្ខ​លំបាក​នោះ​ដែរ

8. ដ្បិត​បង​ប្អូន​អើយ យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​សេចក្ដី​វេទនា​ដែល​កើត​ឡើង ដល់​យើង​ខ្ញុំ​នៅ​ស្រុក​អាស៊ី​ថា យើង​ខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃលែង ហួស​ពី​កំឡាំង​នៃ​យើង​ខ្ញុំ​ទៅ​ទៀត ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អស់​សង្ឃឹម​នឹង​នៅ​រស់​ផង

9. យើង​ខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្ដី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ

សូមអានជំពូកពេញលេញ ២ កូរិនថូស 1