គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 5:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក ហើយ​អស់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ដ៏​បង្កើត​ខ្លួន​មក នោះ​ក៏​រមែង​ស្រឡាញ់​ដល់​អស់​អ្នក​ឯ​ទៀត ដែល​កើត​ពី​ទ្រង់​មក​ដែរ

2. កាល​ណា​យើង​ស្រឡាញ់​ដល់​ព្រះ ហើយ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ នោះ​យើង​ដឹង​ថា យើង​ស្រឡាញ់​ដល់​ពួក​កូន​របស់​ព្រះ​ដែរ

3. ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ

4. ពី​ព្រោះ​គ្រប់​ទាំង​អស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យ‌ជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺ​ជា​សេចក្តី​ជំនឿ​របស់​យើង

5. តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​លោកីយ៍ បើ​មិន​មែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ។

6. គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​នឹង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះ‌វិញ្ញាណ​ទ្រង់​ជា​សេចក្តី​ពិត

7. មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ‌វរ‌បិតា​១ ព្រះ‌បន្ទូល​១ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ

8. ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះ‌វិញ្ញាណ​១ ទឹក​១ និង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ

9. បើ​សិន​ជា​យើង​បាន​ទទួល​សេចក្តី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្តី​បន្ទាល់​របស់​ព្រះ ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្តី​បន្ទាល់​របស់​ព្រះ គឺ​ជា​សេចក្តី​ដែល​ទ្រង់​ថ្លែង​ប្រាប់ ពី​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់

10. អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​មាន​សេចក្តី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​សេចក្តី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់

11. នេះ​ហើយ​ជា​សេចក្តី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់

12. ឯ​អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។

សូមអានជំពូកពេញលេញ ១ យ៉ូហាន 5