គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 3:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះ‌វរ‌បិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ៍​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ

2. ពួក​ស្ងួនភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង

3. អស់​អ្នក​ណា​ដែល​មាន​សេចក្តី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ

4. ឯ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រឹត្យ‌វិន័យ​ហើយ

5. អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​ទ្រង់​បាន​លេច​មក ដើម្បី​នឹង​ដោះ​បាប​យើង​ចេញ ហើយ​ក៏​នៅ​ក្នុង​ទ្រង់ នោះ​គ្មាន​បាប​សោះ

6. ឯ​អស់​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទ្រង់ នោះ​មិន​ដែល​ធ្វើ​បាប​ទេ តែ​ពួក​អ្នក​ដែល​ធ្វើ​បាប​វិញ គេ​មិន​បាន​ឃើញ​ទ្រង់​ឡើយ ក៏​មិន​ស្គាល់​ទ្រង់​ផង។

7. កូន​តូចៗ​រាល់​គ្នា​អើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​សេចក្តី​សុចរិត នោះ​ឈ្មោះ​ថា​សុចរិត​ហើយ ដូច​ជា​ទ្រង់​ក៏​សុចរិត​ដែរ

8. តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​គឺ​មក​ពី​អារក្ស​ទេ ពី​ព្រោះ​អារក្ស​បាន​ធ្វើ​បាប ចាប់​តាំង​ពី​ដើម​រៀង​មក ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ

9. អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក

10. គឺ​ជា​យ៉ាង​នោះ​ហើយ ដែល​នឹង​សំគាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្តី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ។

11. ដ្បិត​នេះ​ឯង​ជា​សេចក្តី ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​ថា ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

12. មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​សំឡាប់​ប្អូន គឺ​ពី​ព្រោះ​តែ​ការ​របស់​គាត់​សុទ្ធ​តែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធ​តែ​ល្អ​វិញ​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ ១ យ៉ូហាន 3