គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 2:9-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. អ្នក​ណា​ដែល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្តី​ងងឹត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

10. ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​បង​ប្អូន​ខ្លួន នោះ​តែង​នៅ​ក្នុង​ពន្លឺ​វិញ ហើយ​នៅ​ក្នុង​អ្នក​នោះ​គ្មាន​ហេតុ​ណា នឹង​បង្អាក់‌បង្អន់​ចិត្ត​គេ​ឡើយ

11. តែ​អ្នក​ណា​ដែល​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្តី​ងងឹត​វិញ ក៏​ដើរ​ក្នុង​សេចក្តី​ងងឹត ហើយ​មិន​ដឹង​ជា​ខ្លួន​ទៅ​ឯ​ណា​ផង ពី​ព្រោះ​សេចក្តី​ងងឹត​នោះ​បាន​បំបាំង​ភ្នែក​ហើយ។

12. កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ​ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

13. ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ‌វរ‌បិតា

14. ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កំឡាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេ​កំណាច​ហើយ

15. កុំ​ឲ្យ​ស្រឡាញ់​លោកីយ៍ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ៍ អ្នក​នោះ​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌វរ‌បិតា​នៅ​ក្នុង​ខ្លួន​ឡើយ

16. ដ្បិត​អស់​ទាំង​សេចក្តី ដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម និង​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្តី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​តែ​ពី​លោកីយ៍​នេះ​វិញ

17. ឯ​លោកីយ៍​នេះ និង​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប‌ជានិច្ច​វិញ។

សូមអានជំពូកពេញលេញ ១ យ៉ូហាន 2