គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 4:6-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ហេតុ​នោះ​បាន​ជា បាន​ផ្សាយ​ដំណឹង​ល្អ​ទៅ​មនុស្ស ដែល​ស្លាប់​ហើយ​ដែរ ដើម្បី​ឲ្យ​គេ​ត្រូវ​ជាប់​ជំនុំ‌ជំរះ​ខាង​ឯ​សាច់​ឈាម តាម​បែប​មនុស្ស តែ​ឲ្យ​គេ​បាន​រស់​ខាង​ឯ​វិញ្ញាណ​តាម​ព្រះ​វិញ។

7. រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​អធិស្ឋាន​ចុះ

8. តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្ដី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត

9. ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្ដី​ចៅរ៉ៅ ឥត​មាន​ត្អូញ‌ត្អែរ​ឡើយ

10. គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ‌គុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ

11. បើ​អ្នក​ណា​អធិប្បាយ នោះ​ត្រូវ​តែ​អធិប្បាយ ដូច​ជា​អ្នក​ដែល​បញ្ចេញ​ព្រះ‌បន្ទូល​នៃ​ព្រះ ហើយ​បើ​អ្នក​ណា​បំរើ នោះ​ត្រូវ​បំរើ​ដោយ​កំឡាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​មាន​សិរី‌ល្អ និង​ព្រះ‌ចេស្តា​នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។

12. ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្ដី​ចំឡែក​នោះ​ឡើយ

13. ត្រូវ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ក្នុង​កាល​ដែល​សិរី‌ល្អ​ទ្រង់​លេច​មក

14. បើ​សិន​ជា​គេ​តិះ‌ដៀល​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ នោះ​មាន​ពរ​ហើយ ពី​ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏​មាន​សិរី‌ល្អ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ

15. កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ណា​មួយ​រង​ទុក្ខ​ទោស ដោយ​ព្រោះ​សំឡាប់​គេ ឬ​លួច​គេ ឬ​ធ្វើ​ការ​អាក្រក់ ឬ​សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ​ឡើយ

16. តែ​បើ​រង​ទុក្ខ ដោយ​ព្រោះ​ជា​ពួក​គ្រីស្ទាន​វិញ នោះ​កុំ​ឲ្យ​ខ្មាស​ឲ្យ​សោះ ចូរ​សរសើរ‌ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​នាម​នោះ​វិញ

សូមអានជំពូកពេញលេញ ១ ពេត្រុស 4