គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 1:6-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. អ្នក​រាល់​គ្នា​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្ដី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ​ក៏​ដោយ

7. ដើម្បី​ឲ្យ​ការ​សាកលសេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា ដ៏​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ នោះ​បាន​ឃើញ​សំរាប់​ជា​សេចក្ដី​សរសើរ កេរ្តិ៍‌ឈ្មោះ និង​សិរី‌ល្អ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក

8. ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេក‌អរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន

9. ដោយ​បាន​ទទួល​ចុង​បំផុត​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង

10. ឯ​ពួក​ហោរា ជា​អ្នក​បាន​ទាយ​ពី​ព្រះ‌គុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា គេ​បាន​ស៊ើប​សួរ ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​សេចក្ដី​សង្គ្រោះ​នោះ

11. ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពេល​វេលា​ណា ឬ​គ្រា​យ៉ាង​ណា ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​សណ្ឋិត​ក្នុង​គេ ទ្រង់​ចង្អុល​បង្ហាញ ក្នុង​កាល​ដែល​ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ពី​សិរី‌ល្អ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​មក​តាម​ក្រោយ

12. តែ​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ដឹង​ថា សេចក្ដី​ទាំង​នោះ​មិន​មែន​សំរាប់​គេ​ទេ គឺ​សំរាប់​យើង​រាល់​គ្នា​វិញ គឺ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឥឡូវ​នេះ ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ។

13. ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ‌គុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង

14. ឲ្យ​ដូច​ជា​ពួក​កូន​ដែល​ស្តាប់​បង្គាប់ ឥត​បណ្តោយ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា ដែល​អ្នក​រាល់​គ្នា​មាន ពី​កាល​នៅ​ល្ងង់​ពី​ដើម​នោះ​ឡើយ

15. តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ

16. ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ»

សូមអានជំពូកពេញលេញ ១ ពេត្រុស 1