គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 1:11-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពេល​វេលា​ណា ឬ​គ្រា​យ៉ាង​ណា ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​សណ្ឋិត​ក្នុង​គេ ទ្រង់​ចង្អុល​បង្ហាញ ក្នុង​កាល​ដែល​ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ពី​សិរី‌ល្អ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​មក​តាម​ក្រោយ

12. តែ​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ដឹង​ថា សេចក្ដី​ទាំង​នោះ​មិន​មែន​សំរាប់​គេ​ទេ គឺ​សំរាប់​យើង​រាល់​គ្នា​វិញ គឺ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឥឡូវ​នេះ ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ។

13. ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ‌គុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង

14. ឲ្យ​ដូច​ជា​ពួក​កូន​ដែល​ស្តាប់​បង្គាប់ ឥត​បណ្តោយ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា ដែល​អ្នក​រាល់​គ្នា​មាន ពី​កាល​នៅ​ល្ងង់​ពី​ដើម​នោះ​ឡើយ

15. តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ

16. ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ»

17. ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ទុក​ដូច​ជា​ព្រះ‌វរ‌បិតា​ដែល​ទ្រង់​ជំនុំ​ជំរះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​កោត‌ខ្លាច ក្នុង​កាល​ដែល​នៅ​សំណាក់​ក្នុង​ជីវិត​នេះ​នៅ​ឡើយ​ចុះ

18. ដោយ​ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុក‌រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ

19. គឺ​បាន​លោះ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម

20. ដែល​បាន​ស្គាល់​តាំង​ពី​មុន​កំណើត​លោកីយ៍​មក តែ​ទើប​នឹង​លេច​មក​នៅ​ជាន់​ក្រោយ​បង្អស់​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា

សូមអានជំពូកពេញលេញ ១ ពេត្រុស 1