គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 5:3-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ចូរ​គោរព​ដល់​ពួក​ស្ត្រី​ដែល​ពិត​ជា​មេម៉ាយ

4. តែ​បើ​ស្រី​មេម៉ាយ​ណា​មាន​កូន​ចៅ នោះ​ត្រូវ​ឲ្យ​កូន​ចៅ​នោះ​រៀន​ឲ្យ​ចេះ​គោរព​ប្រតិ‌បត្តិ ដល់​ពួក​ផ្ទះ​ខ្លួន​ជា​ដើម ទាំង​សង​គុណ​ឪពុក​ម្តាយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ដូច្នោះ

5. រីឯ​ស្ត្រី​ណា​ដែល​ពិត​ជា​មេម៉ាយ ហើយ​នៅ​តែ​ឯង នោះ​សង្ឃឹម​តែ​ដល់​ព្រះ ក៏​ព្យាយាម​ក្នុង​សេចក្តី​ទូល​អង្វរ និង​សេចក្តី​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ

6. តែ​មេម៉ាយ​ណា​ដែល​នៅ​តែ​ស្រើប‌ស្រាល នោះ​ទោះ​បើ​រស់​នៅ​ក៏​ដោយ ក៏​ឈ្មោះ​ថា​ស្លាប់​ហើយ

7. ចូរ​ហាម​គេ​ពី​សេចក្តី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​គេ​មាន​កន្លែង​បន្ទោស​បាន​ឡើយ

8. បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់‌ផ្គង់​ឲ្យ​ពួក​ញាតិ​សន្តាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្តី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត

9. ចូរ​ឲ្យ​កត់​ចុះ​ក្នុង​បញ្ជី​មេម៉ាយ​ចំពោះ​តែ​ឈ្មោះ​ស្ត្រី​ណា ដែល​មាន​អាយុ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​លើ​ប៉ុណ្ណោះ ហើយ​ដែល​បាន​មាន​ប្ដី​តែ​មួយ​ផង

10. ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​ការ​ល្អ​របស់​ស្ត្រី​នោះ​ដែរ បើ​បាន​ចិញ្ចឹម​កូន ទទួល​អ្នក​ដទៃ​ឲ្យ​ស្នាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ដោះ​ទុក្ខ ដល់​ពួក​អ្នក​ដែល​មាន​សេចក្តី​វេទនា បើ​បាន​ឧស្សាហ៍​តាម​គ្រប់​ទាំង​ការ​ល្អ នោះ​ទើប​ចុះ​បាន

11. ឯ​ស្រី​មេម៉ាយ​ដែល​ក្មេង​ជាង នោះ​មិន​ត្រូវ​ទទួល​ទេ ដ្បិត​បើ​កាល​ណា​គេ​កើត​មាន​ចិត្ត​រឹង‌ទទឹង​នឹង​ព្រះ‌គ្រីស្ទ នោះ​គេ​នឹង​ចង់​យក​ប្ដី​ទៀត

12. គេ​នឹង​មាន​ទោស ដោយ​ព្រោះ​បាន​បោះ​បង់​ចោល​សេចក្តី​ជំនឿ​ដើម

13. ក៏​នឹង​ទំលាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​មាត់​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្តី​ដែល​មិន​គួរ​គប្បី​ទៀត​ផង

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 5