គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 1:12-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ គឺ​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​រាប់​ខ្ញុំ​ទុក​ជា​ស្មោះ‌ត្រង់ ទាំង​តាំង​ខ្ញុំ​ឲ្យ​មាន​ការ‌ងារ

13. ដែល​ពី​ដើម​ខ្ញុំ​ជា​អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ព្រហើន​ឈ្លាន‌ពាន តែ​ទ្រង់​បាន​អាណិត​មេត្តា​ដល់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ‌ល្ងង់ ឥត​មាន​សេចក្តី​ជំនឿ

14. តែ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង បាន​ចំរើន​ជា​បរិបូរ​ហូរ‌ហៀរ​ឡើង ព្រម​ទាំង​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង

15. ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ‌គ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ​១​ក្នុង​ពួក​គេ

16. ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាណិត​មេត្តា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​សំដែង​ចេញ គ្រប់​ទាំង​សេចក្តី​អត់​ធន់​របស់​ទ្រង់​ក្នុង​ខ្លួន​ខ្ញុំ ដែល​ជា​អ្នក​លេខ​១​នោះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ក្បួន​ដល់​ពួក​អ្នក ដែល​នឹង​ជឿ​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​ជីវិត អស់​កល្ប‌ជានិច្ច

17. រីឯ​ស្តេច​នៃ​អស់​ទាំង​កល្ប ដែល​ទ្រង់​មិន​ចេះ​សុគត ហើយ​មើល​ទ្រង់​មិន​ឃើញ គឺ​ជា​ព្រះ​តែ​១​ព្រះ‌អង្គ នោះ​សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះ‌នាម និង​សិរី‌ល្អ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។

18. ឱ​ធីម៉ូថេ ជា​កូន​អើយ ខ្ញុំ​ប្រគល់​ពាក្យ​បណ្តាំ​នេះ​ទុក​នឹង​អ្នក តាម​សេចក្តី​ទំនាយ​ដែល​បាន​ទាយ​ពី​អ្នក​ជា​មុន ដើម្បី​ឲ្យ​អ្នក​បាន​ច្បាំង​ជា​ចំបាំង​យ៉ាង​ល្អ ដោយ‌សារ​សេចក្តី​ទាំង​នោះ

19. ព្រម​ទាំង​រក្សា​សេចក្តី​ជំនឿ និង​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដែល​មនុស្ស​ខ្លះ​បាន​បោះ​បង់​ចោល ហើយ​គេ​បាន​លិច​បាត់​ខាង​ឯ​សេចក្តី​ជំនឿ​ផង

20. ក្នុង​ពួក​នោះ មាន​ឈ្មោះ​ហ៊ីមេនាស និង​អ័លេ‌ក្សាន‌ត្រុស ដែល​ខ្ញុំ​បាន​ប្រគល់​ទៅ​អារក្ស​សាតាំង ឲ្យ​ត្រូវ​វាយ‌ផ្ចាល ដើម្បី​ឲ្យ​គេ​រាង‌ចាល​កុំ​ឲ្យ​ប្រមាថ​ទៀត។

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 1