គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 5:4-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. តែ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​មែន​នៅ​ក្នុង​សេចក្តី​ងងឹត ឲ្យ​ថ្ងៃ​នោះ​បាន​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ

5. អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​ពួក​នៃ​ពន្លឺ ហើយ​ជា​ពួក​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​នៃ​យប់ ឬ​នៃ​សេចក្តី​ងងឹត​ឡើយ

6. ដូច្នេះ ត្រូវ​ឲ្យ​យើង​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ឲ្យ​ដេក​លក់ ដូច​ជា​មនុស្ស​ឯ​ទៀត​ទេ

7. ដ្បិត​ពួក​អ្នក​ដែល​ដេក​លក់ នោះ​គេ​តែង​ដេក​នៅ​ពេល​យប់ ហើយ​ពួក​អ្នក​ដែល​ស្រវឹង​ស្រា ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ

8. តែ​យើង​ដែល​ជា​ពួក​នៃ​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​ប្រដាប់​កាយ​ដោយ​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង ហើយ​សេចក្តី​សង្ឃឹម​របស់​ផង​សេចក្តី​សង្គ្រោះ ទុក​ជា​មួក​សឹក

9. ដ្បិត​ព្រះ​ទ្រង់​មិន​បាន​ដំរូវ​យើង ទុក​សំរាប់​សេចក្តី​ក្រោធ​ទេ គឺ​សំរាប់​ឲ្យ​បាន​សេចក្តី​សង្គ្រោះ​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​សុគត​ជំនួស​យើង

10. ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ទោះ​បើ​ចាំ​យាម​ឬ​ដេក​លក់​ក្តី

11. ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​ហើយ​នោះ​ដែរ។

12. តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​អង្វរ​អ្នក​រាល់​គ្នា​ថា ចូរ​ចំណាំ​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​ខំ​ធ្វើ​កិច្ច‌ការ​ក្នុង​ពួក​អ្នក​រាល់​គ្នា និង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ហើយ​នឹង​ពួក​អ្នក​ដែល​ទូន្មាន​ដែរ

13. ដើម្បី​ឲ្យ​បាន​រាប់​អាន​ជា​ខ្លាំង ចំពោះ​ពួក​អ្នក​យ៉ាង​នោះ ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ព្រោះ​ការ​ដែល​គេ​ធ្វើ ចូរ​នៅ​ជា​មួយ​គ្នា​ដោយ​មេត្រី​ចុះ

14. បង​ប្អូន​អើយ យើង​ខ្ញុំ​ទូន្មាន​ឲ្យ​អ្នក​រាល់​គ្នា​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​សណ្តាប់‌ធ្នាប់ ហើយ​ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្តី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ និង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់

15. ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំង‌ឡាយ​ដែរ

16. ចូរ​អរ​សប្បាយ​ជានិច្ច

17. ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 5