គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 4:9-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. រីឯ​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ ពី​ព្រោះ​ព្រះ​ទ្រង់​បង្រៀន ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ

10. អ្នក​រាល់​គ្នា​ក៏​ស្រឡាញ់​ដល់​អស់​ទាំង​ពួក​បង​ប្អូន នៅ​គ្រប់​ក្នុង​ស្រុក​ម៉ាសេដូន​ដែរ តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ទូន្មាន ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​នោះ កាន់​តែ​ខ្លាំង​ឡើង​ចុះ

11. ហើយ​ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់‌ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង​ផង ដូច​ជា​យើង​ខ្ញុំ​បាន​បង្គាប់​ហើយ

12. ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ឥត​ត្រូវ​ការ​អ្វី​ឡើយ។

13. បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹងទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម

14. ដ្បិត​បើ​យើង​ជឿ​ថា ព្រះ‌យេស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ​ទ្រង់​នឹង​នាំ​អស់​អ្នក ដែល​ដេក​លក់​ទៅ​ក្នុង​ព្រះ‌យេស៊ូវ ឲ្យ​បាន​មក​ជា​មួយ​នឹង​ទ្រង់​ដែរ

15. ដ្បិត​យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ​ថា យើង​ដែល​រស់​នៅ​ជាប់ ដរាប​ដល់​ព្រះ‌អម្ចាស់​យាង​មក នោះ​យើង​មិន​ទៅ​មុន​ពួក​អ្នក ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ

16. ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះ‌ឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់

17. រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួប‌ជុំ​នឹង​ព្រះ‌អម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះ‌អម្ចាស់​ជា​ដរាប​ទៅ

18. ដូច្នេះ ចូរ​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ដំណើរ​នេះ​ចុះ។

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 4