ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ កាល​ទ្រាំ​មិន​បាន​ទៀត នោះ​យើង​ខ្ញុំ​បាន​គិត​ថា គួរ​ឲ្យ​យើង​ខ្ញុំ​នៅ​ក្រុង​អាថែន​តែ​ម្នាក់​ឯង​ចុះ

2. ដើម្បី​នឹង​ចាត់​ធីម៉ូថេ ជា​បង​ប្អូន គឺ​ជា​អ្នក​បំរើ​នៃ​ព្រះ ដែល​បាន​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ ឲ្យ​គាត់​បាន​តាំង​អ្នក​រាល់​គ្នា​ឡើង​ជា​មាំ‌មួន ហើយ​ជួយ​ចំរើន​ខាង​ឯ​សេចក្តី​ជំនឿ​ផង

3. ក្រែង​អ្នក​ណា​កើត​មាន​ចិត្ត​ថប់​ព្រួយ ដោយ​សេចក្តី​ទុក្ខ​លំបាក​ទាំង​នេះ (ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ចៀស​ពី​សេចក្តី​យ៉ាង​នេះ​មិន​រួច​ទេ

4. ព្រោះ​កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ នោះ​ក៏​បាន​ប្រាប់​ជា​មុន​ថា យើង​រៀប​នឹង​រង​ទុក្ខ​លំបាក ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ថា មាន​មក​ហើយ)

5. ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ទ្រាំ​មិន​បាន​ទៀត នោះ​ខ្ញុំ​បាន​ចាត់​គាត់​មក​ឲ្យ​បាន​ដឹង​ពី​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក្រែង​មេ​ល្បួង​បាន​លួង​នាំ​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​ការ​នឿយ​ហត់​របស់​យើង​ខ្ញុំ​បាន​ទៅ​ជា​ឥត​អំពើ​វិញ

6. តែ​ឥឡូវ​នេះ ដែល​ធីម៉ូថេ​បាន​ចេញ​ពី​អ្នក​រាល់​គ្នា ទៅ​ដល់​យើង​ខ្ញុំ ព្រម​ទាំង​នាំ​ដំណឹង​ល្អ​ពី​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​យើង​ខ្ញុំ​វិញ ហើយ​ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​យើង​ខ្ញុំ ដោយ​អំណរ​ជានិច្ច ទាំង​រឭក​ចង់​ឃើញ​យើង​ខ្ញុំ​ផង ដូច​ជា​យើង​ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ដែរ

7. ដូច្នេះ បង​ប្អូន​អើយ ក្នុង​ខណៈ​ដែល​យើង​ខ្ញុំ​កំពុង​តែ​មាន​សេចក្តី​ទុក្ខ​ព្រួយ និង​សេចក្តី​លំបាក​ជា​ច្រើន នោះ​យើង​ខ្ញុំ​មាន​សេចក្តី​ក្សាន្ត​ចិត្ត ពី​ដំណើរ​អ្នក​រាល់​គ្នា​ឡើង​វិញ ដោយ‌សារ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា

8. ដ្បិត​ឥឡូវ​នេះ បើ​អ្នក​រាល់​គ្នា​ឈរ​នៅ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់ នោះ​ទើប​យើង​ខ្ញុំ​នឹង​រស់​នៅ

9. តើ​យើង​ខ្ញុំ​អាច​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ប្រការ​ដូច​ម្តេច ឲ្យ​បាន​ល្មម​ធួន​នឹង​អស់​ទាំង​សេចក្តី​អំណរ ដែល​យើង​ខ្ញុំ​មាន​នៅ​ចំពោះ​ព្រះ​នៃ​យើង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន

10. យើង​ខ្ញុំ​ទូល​អង្វរ​ដោយ​ទទូច​ទាំង​យប់​ទាំង​ថ្ងៃ សូម​ឲ្យ​បាន​ឃើញ​មុខ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ផង

11. សូម​ឲ្យ​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា និង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​ខ្ញុំ ទ្រង់​ដំរង់​ផ្លូវ​យើង​ខ្ញុំ ឲ្យ​បាន​មក​ឯ​អ្នក​រាល់​គ្នា

12. សូម​ឲ្យ​ព្រះ‌អម្ចាស់​ចំរើន​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​ពេញ‌ពោរ​ហូរ‌ហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ដល់​មនុស្ស​ទាំង​អស់​ផង ដូច​ជា​យើង​ខ្ញុំ​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​ដែរ

13. ប្រយោជន៍​នឹង​តាំង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បរិសុទ្ធ ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​របស់​យើង​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​យាង​មក ជា​មួយ​នឹង​អស់​ទាំង​អ្នក​បរិសុទ្ធ​របស់​ទ្រង់។