គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 2:9-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​យ៉ាង​ធ្ងន់ ហើយ​នឿយ​ហត់ ដែល​យើង​ខ្ញុំ​បាន​ធ្វើ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ព្រួយ ដោយ‌សារ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា ដោយ​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ

10. អ្នក​រាល់​គ្នា ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន

11. ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​នីមួយៗ ដូច​ជា​ឪពុក និង​កូន ទាំង​ទូន្មាន និង​កំសាន្ត​ចិត្ត​ផង

12. ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។

13. ដោយ​ហេតុ​នេះ​ទៀត បាន​ជា​យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល ជា​ដំណឹង​ពី​ព្រះ ដោយ‌សារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែល​បណ្តាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ

14. ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ត្រាប់​តាម​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នៅ​ស្រុក​យូដា ពី​ព្រោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​អ្នក​ស្រុក​របស់​អ្នក​រាល់​គ្នា ដូច​ជា​ពួក​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​សាសន៍​យូដា​ដែរ

15. ដែល​គេ​បាន​សំឡាប់​ទាំង​ព្រះ‌អម្ចាស់​យេស៊ូវ និង​ពួក​ហោរា​ផង ក៏​បាន​បណ្តេញ​យើង​ខ្ញុំ​ទៀត ពួក​នោះ​មិន​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​ទេ ហើយ​ក៏​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់​ដែរ

16. គេ​ហាម​មិន​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ដល់​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ឡើយ គឺ​ដើម្បី​តែ​នឹង​បំពេញ​អំពើ​បាប​របស់​ខ្លួន​គេ​ជានិច្ច​ប៉ុណ្ណោះ តែ​សេចក្តី​ក្រោធ​បាន​មក​លើ​គេ​ពេញ​ទី​ហើយ។

17. បង​ប្អូន​អើយ ក្រោយ​ដែល​យើង​ខ្ញុំ​ត្រូវ​ឃ្លាត​មុខ​ពី​អ្នក​រាល់​គ្នា​បន្តិច តែ​មិន​មែន​ឃ្លាត​ចិត្ត​ឡើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​សង្វាត រឭក​ចង់​ឃើញ​មុខ​អ្នក​រាល់​គ្នា​វិញ​ជា​ខ្លាំង

18. បាន​ជា​យើង​ខ្ញុំ​ចង់​មក​សួរ​អ្នក​រាល់​គ្នា គឺ​ប៉ុល​ខ្ញុំ​ចង់​មក​មួយ​ដង​ពីរ​ទៅ​ហើយ តែ​អារក្ស​សាតាំង​បាន​ឃាត់​យើង​ខ្ញុំ​វិញ

19. ដ្បិត​តើ​សេចក្តី​សង្ឃឹម សេចក្តី​អំណរ និង​មកុដ​ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​រីក‌រាយ​ឡើង នោះ​ជា​អ្វី បើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ក្នុង​កាល​ដែល​ទ្រង់​យាង​មក​ប៉ុណ្ណោះ

20. ដ្បិត​អ្នក​រាល់​គ្នា​ជា​សិរី‌ល្អ ហើយ​ជា​សេចក្តី​អំណរ​របស់​យើង​ខ្ញុំ​ពិត​មែន។

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 2