គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 2:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​បែប​ដែល​យើង​ខ្ញុំ​ចូល​មក​ឯ​អ្នក​រាល់​គ្នា​ថា មិន​មែន​ជា​ឥត​កើត​ផល​ទេ

2. ឯ​ក្រោយ​ដែល​យើង​ខ្ញុំ​បាន​រង​ទុក្ខ និង​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ក្រុង​ភីលីព ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ដោយ‌សារ​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​ដល់​អ្នក​រាល់​គ្នា​ដែរ ទាំង​មាន​សេចក្តី​ត‌យុទ្ធ​ជា​ច្រើន​ផង

3. ដ្បិត​សេចក្តី​ដែល​យើង​ខ្ញុំ​ទូន្មាន នោះ​មិន​មែន​កើត​ពី​សេចក្តី​ខុស‌ឆ្គង ឬ​ពី​សេចក្តី​ស្មោក‌គ្រោក ឬ​ពី​សេចក្តី​ឆ‌បោក​នោះ​ទេ

4. តែ​តាម​ដែល​ព្រះ​ទ្រង់​ល្បង​ល​ឃើញ​ថា គួរ​នឹង​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ខ្ញុំ​ជា​យ៉ាង​ណា នោះ​យើង​ខ្ញុំ​បាន​អធិប្បាយ​តាម​បែប​យ៉ាង​នោះ​ឯង មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ដល់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ល្បង​ល​ចិត្ត​របស់​យើង​ខ្ញុំ

5. ដ្បិត​យើង​ខ្ញុំ​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ​ឡើយ សឹង​មាន​ព្រះ​ទ្រង់​ជា​សាក្សី​ហើយ

6. ហើយ​ទោះ​បើ​យើង​ខ្ញុំ​មាន​អំណាច និង​នៅ​ជា​បន្ទុក​លើ​អ្នក​រាល់​គ្នា ទុក​ដូច​ជា​សាវក​នៃ​ព្រះ‌គ្រីស្ទ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​មិន​រក​ឲ្យ​មនុស្ស​គោរព​ប្រតិ‌បត្តិ​ដល់​យើង​ខ្ញុំ​ឡើយ ទោះ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ទៀត​ក្តី

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 2