គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិនថូស 2:3-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ខ្ញុំ​ក៏​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​កំសោយ ភិត‌ភ័យ ហើយ​ញាប់‌ញ័រ​ជា​ច្រើន​ដែរ

4. ឯ​ពាក្យ​សំដី និង​វោហា​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម ដែល​ពូកែ​បញ្ចុះ‌បញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះ‌វិញ្ញាណ និង​ព្រះ‌ចេស្តា​វិញ​ទេ​តើ

5. ដើម្បី​កុំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ​វិញ។

6. ប៉ុន្តែ នៅ​ក្នុង​ចំណោម​មនុស្ស​គ្រប់​លក្ខណ៍ នោះ​យើង​ខ្ញុំ​ក៏​និយាយ​តាម​ប្រាជ្ញា​ដែរ តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ៍​នេះ ឬ​របស់​ពួក​ចៅ‌ហ្វាយ​នៅ​លោកីយ៍​នេះ ដែល​ត្រូវ​សាប‌សូន្យ​នោះ​ទេ

7. គឺ​និយាយ​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្តី​អាថ៌‌កំបាំង​ដ៏​លាក់​ទុក ដែល​ព្រះ​បាន​គិត​គូ តាំង​ពី​មុន​អស់​ទាំង​កល្ប សំរាប់​ជា​សិរី‌ល្អ​ដល់​យើង​រាល់​គ្នា

8. គ្មាន​ចៅ‌ហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ​បាន​ស្គាល់​សេចក្តី​អាថ៌‌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់ នោះ​គេ​មិន​បាន​ឆ្កាង​ព្រះ‌អម្ចាស់​ដ៏​មាន​សិរី​ទេ

9. ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា«សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀប‌ចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»

10. ព្រះ​ទ្រង់​បាន​សំដែង ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្តី​ទាំង​នោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្តី​ជ្រាល​ជ្រៅ​នៃ​ព្រះ​ដែរ

11. ដ្បិត​បើ​មិន​មែន​ជា​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​ទេ នោះ​តើ​មាន​អ្វី​នឹង​ស្គាល់​សណ្ឋាន​មនុស្ស​នោះ​បាន ហើយ​បើ​មិន​មែន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ។

12. ឯ​យើង​រាល់​គ្នា យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​បាន​ស្គាល់​អស់​ទាំង​ព្រះ‌គុណ ដែល​ព្រះ​បាន​ផ្តល់​មក​យើង

13. ហើយ​យើង​ក៏​និយាយ​ពី​សេចក្តី​ទាំង​នោះ​ឯង មិន​មែន​ដោយ​ពាក្យ​សំដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សំដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ព្រម​ទាំង​ផ្ទឹម​ពន្យល់​សេចក្តី​ខាង​វិញ្ញាណ ដោយ‌សារ​សេចក្តី​ខាង​ឯ​វិញ្ញាណ​ផង

14. ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះ‌វិញ្ញាណនៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់‌ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្តី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ

15. ឯ​មនុស្ស​ខាង​វិញ្ញាណ​វិញ គេ​ពិចារណា​យល់​គ្រប់​ទាំង​អស់​បាន តែ​មិន​ត្រូវ​អ្នក​ណា​ពិចារណា​ខ្លួន​ឡើង

16. ដ្បិត តើ​អ្នក​ណា​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​វិញ។

សូមអានជំពូកពេញលេញ ១ កូរិនថូស 2