គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិនថូស 1:11-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ឱ​បង​ប្អូន​អើយ ពី​ព្រោះ​មាន​ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ប្រាប់​ខ្ញុំ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា តែង​តែ​មាន​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា

12. គឺ​ថា អ្នក​រាល់​គ្នា​នីមួយៗ ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ជា​របស់​អ័ប៉ុឡូស ជា​របស់​កេផាស ឬ​ជា​របស់​ព្រះ‌គ្រីស្ទ

13. ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ​អី តើ​ប៉ុល​ត្រូវ​ឆ្កាង​ជំនួស​អ្នក​រាល់​គ្នា​ឬ​អី តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ ដោយ​នូវ​ឈ្មោះ​ប៉ុល​ឬ​អី

14. ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ថា ខ្ញុំ​មិន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​មួយ ក្នុង​ពួក​អ្នក​រាល់​គ្នា​ទេ បាន​ធ្វើ​ឲ្យ​តែ​គ្រីស‌ប៉ុល និង​កៃយុស​ប៉ុណ្ណោះ

15. ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រកាន់​ថា ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​នោះ​ឡើយ

16. ខ្ញុំ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​ពួក​ផ្ទះ​ស្ទេផាន៉ាស​ដែរ តែ​ឯ​មនុស្ស​ឯ​ទៀត ខ្ញុំ​មិន​ដឹង​ជា​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​ទេ

17. ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ទេ គឺ​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ​វិញ។

18. ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ

19. ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​លើក​ចំណេះ​របស់​ពួក​អ្នក ដែល​ចេះ ចោល​ចេញ»

20. តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា តើ​អាចារ្យ​នៅ​ឯ​ណា តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​សេចក្តី​ល្ងង់‌ល្ងើ​វិញ​ទេ​តើ

21. ដ្បិត​ដោយ​ព្រោះ​ព្រះ​ទ្រង់​បាន​សំរេច​តាម​ប្រាជ្ញា​នៃ​ទ្រង់​ថា មនុស្ស​លោក​នឹង​រក​ស្គាល់​ព្រះ​ដោយ​អាង​ប្រាជ្ញា​ខ្លួន​មិន​បាន​ទេ បាន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ជួយ​សង្គ្រោះ​អស់​លោក​អ្នក​ដែល​ជឿ ដោយ‌សារ​សេចក្តី​ល្ងី‌ល្ងើ​វិញ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ

22. ពី​ព្រោះ​សាសន៍​យូដា គេ​ចង់​ឃើញ​ភស្តុ‌តាង ហើយ​សាសន៍​ក្រេក គេ​ស្វែង​រក​ប្រាជ្ញា

23. តែ​យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ឆ្កាង​វិញ ជា​ហេតុ​នាំ​ឲ្យ​រវាត​ចិត្ត​ដល់​សាសន៍​យូដា និង​ជា​សេចក្តី​ល្ងង់‌ល្ងើ​ដល់​សាសន៍​ក្រេក

24. តែ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​ព្រះ‌ចេស្តា ហើយ​ជា​ប្រាជ្ញា​របស់​ព្រះ​វិញ ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ ទាំង​សាសន៍​យូដា ហើយ​នឹង​សាសន៍​ក្រេក​ផង

25. ដ្បិត​សេចក្តី​ល្ងង់‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស ហើយ​សេចក្តី​កំសោយ​របស់​ព្រះ ក៏​មាន​កំឡាំង​លើស​ជាង​មនុស្ស​ដែរ។

26. ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិន‌សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច និង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ

27. ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់‌ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស

សូមអានជំពូកពេញលេញ ១ កូរិនថូស 1