ជំពូក

  1. 1
  2. 2

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិនថូស 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

សេចក្តី​ផ្តើម

1. សំបុត្រ​ប៉ុល​ខ្ញុំ ជា​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ បាន​ហៅ​មក​ធ្វើ​ជា​សាវក​របស់​ទ្រង់ តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ ព្រម​ទាំង​សូស្ថេន ជា​ពួក​បង​ប្អូន

2. ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ នៅ​ក្រុង​កូរិន‌ថូស ជា​ពួក​អ្នក​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ទាំង​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ ជា​មួយ​នឹង​អស់​អ្នក នៅ​គ្រប់​ទី​កន្លែង ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​នៃ​គេ និង​យើង​ផង

3. សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ‌គុណ និង​សេចក្តី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា និង​ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ផង។

4. ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ អំពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

5. ព្រោះ​អ្នក​រាល់​គ្នា​បាន​ចំរើន​ឡើង​គ្រប់​ជំពូក ដោយ‌សារ​ទ្រង់ គឺ​ក្នុង​គ្រប់​ទាំង​ពាក្យ​សំដី និង​ចំណេះ​ទាំង​អស់​ដែរ

6. តាម​ដែល​សេចក្តី​បន្ទាល់​ពី​ព្រះ‌គ្រីស្ទ​បាន​បញ្ជាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា

7. ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាញ់​គេ ខាង​អំណោយ​ទាន​ណា​មួយ​ឡើយ ទាំង​ចាំ​ទំរាំ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​យើង​រាល់​គ្នា ទ្រង់​លេច​មក​ផង

8. ដែល​ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន ដរាប​ដល់​ចុង​បំផុត ឲ្យ​បាន​ឥត​កន្លែង​បន្ទោស​បាន ក្នុង​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង

9. ឯ​ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្តី​ប្រកប​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នោះ​ទ្រង់​ស្មោះ‌ត្រង់។

ការ​បាក់​បែក​ក្នុង​ពួក​ជំនុំ

10. ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្តី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្តី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួប‌រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ

11. ឱ​បង​ប្អូន​អើយ ពី​ព្រោះ​មាន​ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ប្រាប់​ខ្ញុំ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា តែង​តែ​មាន​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា

12. គឺ​ថា អ្នក​រាល់​គ្នា​នីមួយៗ ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ជា​របស់​អ័ប៉ុឡូស ជា​របស់​កេផាស ឬ​ជា​របស់​ព្រះ‌គ្រីស្ទ

13. ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ​អី តើ​ប៉ុល​ត្រូវ​ឆ្កាង​ជំនួស​អ្នក​រាល់​គ្នា​ឬ​អី តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ ដោយ​នូវ​ឈ្មោះ​ប៉ុល​ឬ​អី

14. ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ថា ខ្ញុំ​មិន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​មួយ ក្នុង​ពួក​អ្នក​រាល់​គ្នា​ទេ បាន​ធ្វើ​ឲ្យ​តែ​គ្រីស‌ប៉ុល និង​កៃយុស​ប៉ុណ្ណោះ

15. ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រកាន់​ថា ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​នោះ​ឡើយ

16. ខ្ញុំ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​ពួក​ផ្ទះ​ស្ទេផាន៉ាស​ដែរ តែ​ឯ​មនុស្ស​ឯ​ទៀត ខ្ញុំ​មិន​ដឹង​ជា​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​ទេ

17. ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ទេ គឺ​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ​វិញ។

ព្រះ‌យេស៊ូវ​ជា​ឫទ្ធា‌នុភាព និង​ជា​ប្រាជ្ញា‌ញាណ​របស់​ព្រះ

18. ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ

19. ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​លើក​ចំណេះ​របស់​ពួក​អ្នក ដែល​ចេះ ចោល​ចេញ»

20. តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា តើ​អាចារ្យ​នៅ​ឯ​ណា តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​សេចក្តី​ល្ងង់‌ល្ងើ​វិញ​ទេ​តើ

21. ដ្បិត​ដោយ​ព្រោះ​ព្រះ​ទ្រង់​បាន​សំរេច​តាម​ប្រាជ្ញា​នៃ​ទ្រង់​ថា មនុស្ស​លោក​នឹង​រក​ស្គាល់​ព្រះ​ដោយ​អាង​ប្រាជ្ញា​ខ្លួន​មិន​បាន​ទេ បាន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ជួយ​សង្គ្រោះ​អស់​លោក​អ្នក​ដែល​ជឿ ដោយ‌សារ​សេចក្តី​ល្ងី‌ល្ងើ​វិញ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ

22. ពី​ព្រោះ​សាសន៍​យូដា គេ​ចង់​ឃើញ​ភស្តុ‌តាង ហើយ​សាសន៍​ក្រេក គេ​ស្វែង​រក​ប្រាជ្ញា

23. តែ​យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ឆ្កាង​វិញ ជា​ហេតុ​នាំ​ឲ្យ​រវាត​ចិត្ត​ដល់​សាសន៍​យូដា និង​ជា​សេចក្តី​ល្ងង់‌ល្ងើ​ដល់​សាសន៍​ក្រេក

24. តែ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​ព្រះ‌ចេស្តា ហើយ​ជា​ប្រាជ្ញា​របស់​ព្រះ​វិញ ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ ទាំង​សាសន៍​យូដា ហើយ​នឹង​សាសន៍​ក្រេក​ផង

25. ដ្បិត​សេចក្តី​ល្ងង់‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស ហើយ​សេចក្តី​កំសោយ​របស់​ព្រះ ក៏​មាន​កំឡាំង​លើស​ជាង​មនុស្ស​ដែរ។

26. ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិន‌សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច និង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ

27. ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់‌ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស

28. ហើយ​ទ្រង់​បាន​រើស​អ្នក​ទាប​ថោក​នៅ​លោកីយ៍​នេះ និង​ពួក​អ្នក​ដែល​គេ​មើល‌ងាយ ព្រម​ទាំង​របស់​ដែល​គ្មាន​ផង ដើម្បី​នឹង​លើក​ចោល​របស់​ដែល​មាន​ចេញ

29. ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ

30. តែ​ដោយ‌សារ​ព្រះ នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​តាំង​ឡើង ទុក​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ហើយ​ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង​ផង

31. ដើម្បី​ឲ្យ​បាន​ត្រូវ​នឹង​សេចក្តី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​អួត ត្រូវ​អួត​តែ​ពី​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ»។