គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 6:5-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. អ្នក​បំរើ​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​ខ្លួន​ខាង​សាច់​ឈាម ដោយ​គោរព​កោត‌ខ្លាច​ហើយ​ញាប់‌ញ័រ ព្រម​ទាំង​មាន​ចិត្ត​ទៀង​ត្រង់ ដូច​ជា​ដល់​ព្រះ‌គ្រីស្ទ

6. កុំ​បំរើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះ‌គ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត

7. ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះ‌អម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ

8. ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះ‌អម្ចាស់ ទោះ​បើ​ជា​បាវ​បំរើ ឬ​អ្នក​ជា​ក្តី។

9. ចៅ‌ហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​នឹង​បាវ​បំរើ​ដូច្នោះ​ដែរ ទាំង​លែង​គំហក‌កំហែង​ទៅ ដោយ​ដឹង​ថា ចៅ‌ហ្វាយ​របស់​គេ ហើយ​របស់​អ្នក​រាល់​គ្នា​ផង នោះ​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ហើយ​ទ្រង់​មិន​ចេះ​រើស​មុខ​អ្នក​ណា​ឡើយ។

10. ឯ​សេចក្តី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌ចេស្តា​ទ្រង់

11. ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំ‌មួន ទាស់​នឹង​ឧបាយ‌កល​ទាំង​អម្បាលម៉ាន​របស់​អារក្ស

12. ដ្បិត​យើង​រាល់​គ្នា​មិន​មែន​ត‌យុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ

សូមអានជំពូកពេញលេញ អេភេសូ 6