10. ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់
11. ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស
12. ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ
13. ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល
14. ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង
15. ទាំងពាក់សេចក្តីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង
16. ថែមទាំងយកសេចក្តីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន
17. ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល
18. ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់
19. ហើយឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសំដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ
20. ដែលខ្ញុំជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អនោះឯង ដើម្បីឲ្យខ្ញុំមានសេចក្តីក្លាហានក្នុងដំណឹងល្អ ប្រយោជន៍ឲ្យខ្ញុំបាននិយាយ តាមដែលគួរគប្បី។