គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 5:7-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដូច្នេះ កុំ​ឲ្យ​មាន​ចំណែក​ជា​១​នឹង​គេ​ឡើយ

8. ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺចុះ

9. ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត

10. ចូរ​ល​មើល​ឲ្យ​ដឹង​សេចក្តី​អ្វី ដែល​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ

11. កុំ​ឲ្យ​ប្រកប​ក្នុង​ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ស៊ូ​បន្ទោស​វិញ

12. ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សំងាត់ នោះ​បើ​គ្រាន់​តែ​និយាយ​ពី​ការ​ទាំង​នោះ ក៏​គួរ​ខ្មាស​ទៅ​ហើយ

13. តែ​ការ​ទាំង​នោះ​បាន​សំដែង​មក​យ៉ាង​ច្បាស់ ដោយ​ពន្លឺ​ភ្លឺ​បញ្ជាក់ ដ្បិត​គឺ​ជា​ពន្លឺ​ហើយ ដែល​សំដែង​ឲ្យ​ឃើញ​ទាំង​អស់

14. ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ឯង​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»

15. ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ

16. ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់

17. ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់​វិញ

18. កុំ​ឲ្យ​ស្រវឹង​ស្រា​ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​វិញ

19. ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះ‌អម្ចាស់​ដោយ​ចិត្ត

20. ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ។

21. ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។

22. ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ

សូមអានជំពូកពេញលេញ អេភេសូ 5