15. ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ
16. ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់
17. ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ
18. កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ
19. ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត
20. ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ។
21. ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្តីកោតខ្លាចដល់ព្រះគ្រីស្ទ។
22. ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ
23. ដ្បិតប្ដីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ ក៏ជាព្រះអង្គសង្គ្រោះដល់រូបកាយផង
24. ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
25. បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង
26. ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ ដោយបានលាងសំអាតនឹងទឹក គឺជាព្រះបន្ទូល
27. ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ
28. ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ