គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 5:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួនភ្ងា

2. ហើយ​ដើរ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង​ផង ទុក​ជា​ដង្វាយ ហើយ​ជា​យញ្ញ‌បូជា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ដល់​ព្រះ។

3. ឯ​សេចក្តី​កំផិត សេចក្តី​ស្មោក‌គ្រោក​គ្រប់​យ៉ាង និង​សេចក្តី​លោភ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ផង ដូច​ជា​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ

4. ព្រម​ទាំង​រឿង​គួរ​ខ្មាស ពាក្យ​សំដី​ចំកួត និង​ពាក្យ​កំប្លែង ដែល​សេចក្តី​ទាំង​នោះ​មិន​គួរ​គប្បី​ដែរ ស៊ូ​ពោល​តែ​ពាក្យ​សំរាប់​អរ​ព្រះ‌គុណ​វិញ

5. ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​មនុស្ស​កំផិត ឬ​ស្មោក‌គ្រោក ឬ​លោភ គឺ​ជា​មនុស្ស​ថ្វាយ‌បង្គំ​រូប​ព្រះ ដែល​នឹង​គ្រង​មរដក​ក្នុង​នគរ​នៃ​ព្រះ‌គ្រីស្ទ ហើយ​នៃ​ព្រះ​ផង​បាន​ឡើយ

6. កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នោះ បាន​ជា​សេចក្តី​ក្រោធ​របស់​ព្រះ បាន​មក​លើ​មនុស្ស​រឹង‌ចចេស

7. ដូច្នេះ កុំ​ឲ្យ​មាន​ចំណែក​ជា​១​នឹង​គេ​ឡើយ

8. ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺចុះ

9. ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត

10. ចូរ​ល​មើល​ឲ្យ​ដឹង​សេចក្តី​អ្វី ដែល​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ

11. កុំ​ឲ្យ​ប្រកប​ក្នុង​ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ស៊ូ​បន្ទោស​វិញ

12. ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សំងាត់ នោះ​បើ​គ្រាន់​តែ​និយាយ​ពី​ការ​ទាំង​នោះ ក៏​គួរ​ខ្មាស​ទៅ​ហើយ

13. តែ​ការ​ទាំង​នោះ​បាន​សំដែង​មក​យ៉ាង​ច្បាស់ ដោយ​ពន្លឺ​ភ្លឺ​បញ្ជាក់ ដ្បិត​គឺ​ជា​ពន្លឺ​ហើយ ដែល​សំដែង​ឲ្យ​ឃើញ​ទាំង​អស់

សូមអានជំពូកពេញលេញ អេភេសូ 5