គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 4:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដើរបែប​គួរ​នឹង​ការ‌ងារ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ចុះ

2. ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត‌បូត​គ្រប់​ជំពូក​ទាំង​អត់‌ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់

3. ហើយ​ខំ​ប្រឹង​រក្សា​សេចក្តី​រួប‌រួម​គ្នា​របស់​ព្រះ‌វិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង

4. មាន​រូប‌កាយ​តែ​១ ហើយ​ព្រះ‌វិញ្ញាណ​តែ​១ ដូច​ជា​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​សេចក្តី​សង្ឃឹម​តែ​១​របស់​ការ‌ងារ​អ្នក​រាល់​គ្នា​ដែរ

5. មាន​ព្រះ‌អម្ចាស់​តែ​១ សេចក្តី​ជំនឿ​តែ​១ បុណ្យ​ជ្រមុជ​តែ​១

6. មាន​ព្រះ​តែ​១ គឺ​ជា​ព្រះ‌វរ‌បិតា​នៃ​ទាំង​អស់ ដែល​ទ្រង់​ខ្ពស់​លើ​ទាំង​អស់ គង់​នៅ​កណ្តាល​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់

7. តែ​មាន​ព្រះ‌គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះ‌គ្រីស្ទ

8. បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ដែល​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ នោះ​ទ្រង់​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ​ទាន​ដល់​មនុស្ស»

9. តែ​ដែល​ថា ទ្រង់​យាង​ឡើង​ទៅ​នោះ តើ​មាន​ន័យ​ដូច​ម្តេច បើ​មិន​មែន​ថា ទ្រង់​បាន​យាង​ចុះ​ទៅ​ដល់​ស្ថាន​ទាប​ក្រោម​ដីជា​មុន​ប៉ុណ្ណោះ

10. ឯ​ព្រះ​ដែល​យាង​ចុះ​ទៅ​នោះ គឺ​ជា​ព្រះ​ដដែល ដែល​បាន​យាង​ឡើង​ផុត​អស់​ទាំង​ជាន់​នៅ​ស្ថាន‌សួគ៌ ដើម្បី​ឲ្យ​ទ្រង់​បាន​គង់​នៅ​ពេញ​គ្រប់​ទាំង​អស់

11. ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវក ខ្លះ​ជា​គ្រូ​អធិប្បាយ ខ្លះ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន

12. ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូប‌កាយ​ព្រះ‌គ្រីស្ទ​ឡើង

13. ទាល់​តែ​យើង​រាល់​គ្នា​បាន​រួប‌រួម ខាង​ឯ​សេចក្តី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដូច​គ្នា​ទាំង​អស់ គឺ​ដល់​បាន​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរ‌ពេញ​ផង​ព្រះ‌គ្រីស្ទ

សូមអានជំពូកពេញលេញ អេភេសូ 4