គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 2:2-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត តាម​របៀប​លោកីយ៍​នេះ គឺ​តាម​មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ ដែល​សព្វ​ថ្ងៃ​នេះ បណ្តាល​មក​ក្នុង​ពួក​មនុស្ស​រឹង‌ចចេស

3. យើង​រាល់​គ្នា​ទាំង​អស់​ក៏​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពី​ដើម​ដែរ ដោយ​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្តី​ដែល​សាច់​ឈាម និង​គំនិត​យើង​ចង់​បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្តី​ខ្ញាល់ ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ

4. ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តា‌ករុណា​ដ៏​លើស​លប់ ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា

5. ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ

6. ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ ក៏​ឲ្យ​យើង​អង្គុយ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ

7. ដើម្បី​ឲ្យ​ទ្រង់​បាន​សំដែង ឲ្យ​អស់​ទាំង​កល្ប​ខាង​មុខ បាន​ឃើញ​ព្រះ‌គុណ​ដ៏​ធ្ងន់​លើស​លប់​របស់​ទ្រង់ ដោយ​សេចក្តី​សប្បុរស ដែល​ទ្រង់​ផ្តល់​មក​យើង ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

8. ដ្បិត​គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយ‌សារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ

9. ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន

10. ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប‌ចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម។

11. ដូច្នេះ ចូរ​នឹក​ចាំ​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃខាង​សាច់​ឈាម ដែល​ពួក​ទទួល​កាត់​ស្បែក​ក្នុង​សាច់ ដោយ​ដៃ​មនុស្ស គេ​ហៅ​អ្នក​រាល់​គ្នា​ជា​ពួក​មិន​កាត់​ស្បែក​វិញ

12. នៅ​វេលា​នោះ អ្នក​រាល់​គ្នា​នៅ​ទីទៃ​ពី​ព្រះ‌គ្រីស្ទ ក៏​ឃ្លាត​ចេញ​ពី​អំណាច​ជាតិ​អ៊ីស្រា‌អែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក ក៏​ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​ក្នុង​លោកីយ៍​នេះ​ដែរ

13. តែ​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់

14. ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខណ្ឌ​កណ្តាល​ចេញ

15. ព្រម​ទាំង​បំបាត់​សេចក្តី​សំអប់​គ្នា ដោយ​នូវ​រូប​សាច់​ទ្រង់ គឺ​បំបាត់​ក្រឹត្យ‌វិន័យ​ដែល​មាន​បញ្ញត្ត និង​សេចក្តី​ហាម‌ប្រាម​ទាំង​ប៉ុន្មាន​ចេញ ដើម្បី​ឲ្យ​បាន​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ

16. ហើយ​ឲ្យ​ទ្រង់​បាន​ផ្សះ‌ផ្សា​ទាំង​២​នឹង​ព្រះ ក្នុង​រូប‌កាយ​តែ​១ ដោយ‌សារ​ឈើ​ឆ្កាង ព្រម​ទាំង​រំងាប់​សេចក្តី​សំអប់​គ្នា ដោយ​ឈើ​ឆ្កាង​នោះ​ឯង

សូមអានជំពូកពេញលេញ អេភេសូ 2