គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 1:7-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ហើយ​យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់

8. ដែល​បាន​ផ្តល់​មក​យើង​ជា​បរិបូរ ដោយ​នូវ​ប្រាជ្ញា និង​ដំរិះ​សព្វ​គ្រប់

9. ព្រម​ទាំង​សំដែង ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្តី​អាថ៌​កំបាំង​នៃ​ព្រះ‌ហឫ‌ទ័យ​ទ្រង់ តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សំរេច ក្នុង​ព្រះ‌អង្គ​ទ្រង់

10. សំរាប់​ការ​កាន់​កាប់​ត្រួត‌ត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ និង​របស់​នៅ​ផែនដី​ផង

11. ឲ្យ​រួម​គ្នា​មក​ក្នុង​ទ្រង់ ដែល​យើង​រាល់​គ្នា​បាន​កេរ‌អាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​ដំរូវ​យើង​ទុក​ជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ទ្រង់

12. ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ដែល​បាន​ទុក​ចិត្ត​ជឿ​ដល់​ព្រះ‌គ្រីស្ទ​ជា​មុន បាន​សំរាប់​នឹង​សរសើរ​ដល់​សេរី​ល្អ​ទ្រង់

13. ឯ​អ្នក​រាល់​គ្នា ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត គឺ​ជា​ដំណឹង​ល្អ​ពី​សេចក្តី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ដោយ‌សារ​ទ្រង់​ដែរ ហើយ​កាល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា

14. ព្រះ‌វិញ្ញាណ​នោះ​ទ្រង់​ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរ‌អាករ​របស់​យើង​រាល់​គ្នា ទាល់​តែ​បាន​លោះ​របស់​កំណាន់ ដែល​ទ្រង់​បាន​ទិញ​ទុក​ឲ្យ​យើង​នោះ សំរាប់​ជា​សេចក្តី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ទ្រង់។

15. ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ឮ​និយាយ​ពី​សេចក្តី​ជំនឿ ដែល​អ្នក​រាល់​គ្នា​មាន ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​នឹង​ពី​សេចក្តី​ស្រឡាញ់ ដែល​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា

16. នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះ‌គុណ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​វិញ

17. ដើម្បី​នឹង​សូម​ឲ្យ​ព្រះ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង គឺ​ជា​ព្រះ‌វរ‌បិតា​ដ៏​មាន​សិរី‌ល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់

សូមអានជំពូកពេញលេញ អេភេសូ 1