គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 1:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​របស់​ផង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដោយ​នូវ​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ ផ្ញើ​មក​ពួក​បរិសុទ្ធ ដែល​នៅ​ក្រុង​អេភេសូរ ជា​ពួក​អ្នក​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

2. សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

3. សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់

4. តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់

5. ពី​ព្រោះ​ទ្រង់​បាន​ដំរូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់

6. ដើម្បី​នឹង​សរសើរ​ដល់​ព្រះ‌គុណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួនភ្ងា​របស់​ទ្រង់

7. ហើយ​យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់

8. ដែល​បាន​ផ្តល់​មក​យើង​ជា​បរិបូរ ដោយ​នូវ​ប្រាជ្ញា និង​ដំរិះ​សព្វ​គ្រប់

9. ព្រម​ទាំង​សំដែង ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្តី​អាថ៌​កំបាំង​នៃ​ព្រះ‌ហឫ‌ទ័យ​ទ្រង់ តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សំរេច ក្នុង​ព្រះ‌អង្គ​ទ្រង់

10. សំរាប់​ការ​កាន់​កាប់​ត្រួត‌ត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ និង​របស់​នៅ​ផែនដី​ផង

11. ឲ្យ​រួម​គ្នា​មក​ក្នុង​ទ្រង់ ដែល​យើង​រាល់​គ្នា​បាន​កេរ‌អាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​ដំរូវ​យើង​ទុក​ជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ទ្រង់

12. ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ដែល​បាន​ទុក​ចិត្ត​ជឿ​ដល់​ព្រះ‌គ្រីស្ទ​ជា​មុន បាន​សំរាប់​នឹង​សរសើរ​ដល់​សេរី​ល្អ​ទ្រង់

13. ឯ​អ្នក​រាល់​គ្នា ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត គឺ​ជា​ដំណឹង​ល្អ​ពី​សេចក្តី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ដោយ‌សារ​ទ្រង់​ដែរ ហើយ​កាល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា

14. ព្រះ‌វិញ្ញាណ​នោះ​ទ្រង់​ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរ‌អាករ​របស់​យើង​រាល់​គ្នា ទាល់​តែ​បាន​លោះ​របស់​កំណាន់ ដែល​ទ្រង់​បាន​ទិញ​ទុក​ឲ្យ​យើង​នោះ សំរាប់​ជា​សេចក្តី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ទ្រង់។

15. ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ឮ​និយាយ​ពី​សេចក្តី​ជំនឿ ដែល​អ្នក​រាល់​គ្នា​មាន ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​នឹង​ពី​សេចក្តី​ស្រឡាញ់ ដែល​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា

សូមអានជំពូកពេញលេញ អេភេសូ 1