ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌យេស៊ូវ​ជា​មហា​បូជា‌ចារ្យ​នៃ​សញ្ញា​ថ្មី

1. រីឯ​ដែល​បង្រួម​សេចក្ដី​អធិប្បាយ​ទាំង​ប៉ុន្មាន​អម្បាញ់‌មិញ​នេះ នោះ​គឺ​ថា យើង​រាល់​គ្នា​មាន​សំដេច​សង្ឃ​១​អង្គ​យ៉ាង​នោះ ដែល​ទ្រង់​បាន​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ឫទ្ធា‌នុភាព​នៅ​ស្ថាន‌សួគ៌

2. ជា​អ្នក​មាន​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ក្នុង​រោង​ឧបោសថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​ជា​មនុស្ស​ទេ។

3. ឯ​សំដេច​សង្ឃ​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​ឲ្យ​មាន​ងារ សំរាប់​នឹង​ថ្វាយ​ដង្វាយ ហើយ​យញ្ញ‌បូជា បាន​ជា​ត្រូវ​ឲ្យ​ព្រះ‌អង្គ​នេះ​បាន​អ្វី​នឹង​ថ្វាយ​ដែរ

4. ដ្បិត​បើ​សិន​ជា​ទ្រង់​គង់​នៅ​ផែនដី នោះ​ទ្រង់​មិន​បាន​ធ្វើ​ជា​សង្ឃ​ទេ ពី​ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​ដង្វាយ តាម​ក្រឹត្យ‌វិន័យ​ហើយ

5. ដែល​គេ​ជា​គំរូ ហើយ​ជា​ស្រមោល ពី​របស់​នៅ​ស្ថាន‌សួគ៌​វិញ ដូច​ជា​ព្រះ​បាន​បង្គាប់​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​រៀប​នឹង​ធ្វើ​រោង​ឧបោសថ​ថា «ចូរ​ប្រយ័ត្ន​នឹង​ធ្វើ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​អញ​បាន​បង្ហាញ​ឯង​នៅ​លើ​ភ្នំ»

6. តែ​ឥឡូវ​នេះ​វិញ ដែល​ទ្រង់​ជា​អ្នក​កណ្តាល​របស់​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណា ដែល​សេចក្ដី​សញ្ញា​នោះ​បាន​តាំង​ឡើង លើ​ពាក្យ​សន្យា​ប្រសើរ​ជាង​ផង នោះ​ទ្រង់​ក៏​បាន​ទទួល​ការ‌ងារ​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណោះ​ដែរ

7. ដ្បិត​បើ​សិន​ជា​សញ្ញា​ចាស់​ឥត​មាន​កំហុស នោះ​មិន​បាន​រក​កន្លែង​ឲ្យ​បាន​តាំង​១​ទៀត​ឡើយ

8. ពី​ព្រោះ ដែល​ទ្រង់​ចាប់​សេចក្ដី​កំហុស នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា «មើល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​ថ្ងៃ​មក ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា

9. មិន​មែន​តាម​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​នោះ​ទេ ព្រោះ​គេ​មិន​បាន​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ​នោះ​ឡើយ ហើយ​អញ​បាន​បែរ​ចេញ​ពី​គេ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រា‌អែល​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​អញ​នៅ​ក្នុង​គំនិត​គេ ហើយ​នឹង​កត់​ទុក​នៅ​ក្នុង​ចិត្ត​គេ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ

11. នោះ​មិន​ចាំ​បាច់​ឲ្យ​គ្រប់​គ្នា​បង្រៀន​អ្នក​ជិត​ខាង​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​ស្គាល់​ព្រះ‌អម្ចាស់​នោះ​ទេ ដ្បិត​ក្នុង​ពួក​គេ មនុស្ស​នឹង​ស្គាល់​អញ​គ្រប់​គ្នា តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ​ហើយ

12. ពី​ព្រោះ​អញ​នឹង​អាណិត​មេត្តា​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត»

13. រីឯ​ពាក្យ​ដែល​ថា «ថ្មី» នោះ​គឺ​ថា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​មុន​ទៅ​ជា​ចាស់​ហើយ ឯ​របស់​ណា​ដែល​ត្រឡប់​ជា​ចាស់ ហើយ​មាន​វ័យ​កន្លង នោះ​ក៏​ជិត​នឹង​សូន្យ​បាត់​ដែរ។