គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 7:15-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. សេចក្ដី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត ដោយ​មាន​សង្ឃ​១​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិល‌គីស្សា‌ដែក

16. សង្ឃនោះ​មិន​បាន​តាំង​ឡើង​តាម​ក្រឹត្យ‌វិន័យ ដែល​មាន​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​របស់​ជីវិត​ដ៏​មិន​ចេះ​សូន្យ​ឡើយ​នោះ​វិញ

17. ដ្បិត​មាន​សេចក្ដី​បន្ទាល់​ពី​ទ្រង់​ថា «ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក»

18. ឯ​សេចក្ដី​បញ្ញត្ត​ដែល​មាន​ពី​មុន​មក នោះ​ត្រូវ​លើក​ចោល​វិញ ដោយ​ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍

19. (ពី​ព្រោះ​ក្រឹត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ) ក៏​មាន​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​ជាង​បាន​ចូល​មក​ផង ដែល​យើង​រាល់​គ្នា​នឹង​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ‌សារ​សេចក្ដី​សង្ឃឹម​នោះ។

20. ពួក​សង្ឃ​ទាំង​នោះ គេ​បាន​តាំង​ឲ្យ​មាន​ងារ ដោយ​ឥត​មាន​សម្បថ​ទេ

21. តែ​ទ្រង់​វិញ មាន​ទាំង​ពាក្យ​សម្បថ​ផង ដោយ‌សារ​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​ពី​ទ្រង់​ថា «ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​មិន​ដែល​ផ្លាស់​គំនិត​ឡើយថា ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក»

22. ហើយ​ដោយ​ព្រោះ​ការ‌ងារ​នោះ ដែល​មិន​មែន​ឥត​ពាក្យ​សម្បថ​ដូច្នោះ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ជា​អ្នក​ធានា ពី​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង

23. មួយ​ទៀត ពួក​សង្ឃ​ទាំង​នោះ​មាន​គ្នា​ជា​ច្រើន ពី​ព្រោះ​គេ​តែង​តែ​ស្លាប់ មិន​នៅ​ជាប់​ស្ថិត‌ស្ថេរ​ទេ

24. តែ​ទ្រង់​មាន​ការ‌ងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពី​ព្រោះ​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច​វិញ

25. ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយ‌សារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ។

26. គួរ​ឲ្យ​មាន​សំដេច​សង្ឃ​យ៉ាង​នោះ​សំរាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅ‌ហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត

27. ទ្រង់​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​ជា​រាល់​ថ្ងៃ ដូច​ជា​សំដេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ជា​មុន​ដំបូង រួច​មក​ដោយ​ព្រោះ​បាប​របស់​ជន​ទាំង‌ឡាយ​នោះ​ទេ ដ្បិត​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​នោះ​១​ដង​ជា​សំរេច គឺ​ក្នុង​កាល​ដែល​ទ្រង់​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​នោះ​ឯង

28. ព្រោះ​ឯ​ក្រឹត្យ‌វិន័យ​នោះ​តែង‌តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សំដេច​សង្ឃ ដែល​គេ​មាន​សេចក្ដី​កំសោយ តែ​សេចក្ដី​សម្បថ​ដែល​មក​ក្រោយ​ក្រឹត្យ‌វិន័យ នោះ​បាន​តាំង​ព្រះ‌រាជ‌បុត្រា​វិញ ដែល​ទ្រង់​បាន​គ្រប់​លក្ខណ៍​នៅ​អស់​កល្ប‌ជានិច្ច។

សូមអានជំពូកពេញលេញ ហេព្រើរ 7