គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 7:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដូច្នេះ បើ​សិន​ជា​មនុស្ស​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ‌ងារ​ជា​សង្ឃ ខាង​ពួក​លេវី ដ្បិត​គឺ​ក្រោម​ការ‌ងារ​នោះ ដែល​ប្រជា‌ជន​បាន​ទទួល​ក្រឹត្យ‌វិន័យ​ទៅ​ហើយ នោះ​តើ​ត្រូវ​ការ​អ្វី​ឲ្យ​មាន​សង្ឃ​១​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀប​លោក​អើរ៉ុន គឺ​តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក​វិញ​ធ្វើ​អី

12. ពី​ព្រោះ បើ​ការ‌ងារ​ជា​សង្ឃ​បាន​ផ្លាស់​ប្រែ​ទៅ នោះ​ក្រឹត្យ‌វិន័យ​ក៏​ត្រូវ​ផ្លាស់​ប្រែ​ដែរ

13. ដ្បិត​ឯ​ព្រះ‌អង្គ ដែល​គេ​បាន​ទាយ​សេចក្ដី​នេះ​ពី​ទ្រង់ ទ្រង់​កើត​ពី​ពូជ​អំបូរ​១​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​បាន​ធ្វើ​ការ​បំរើ​នៅ​អាសនា​ឡើយ

14. ដ្បិត​ច្បាស់​ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​កើត​ពី​ពូជ​អំបូរ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​ពី​ពូជ​អំបូរ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ

15. សេចក្ដី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត ដោយ​មាន​សង្ឃ​១​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិល‌គីស្សា‌ដែក

16. សង្ឃនោះ​មិន​បាន​តាំង​ឡើង​តាម​ក្រឹត្យ‌វិន័យ ដែល​មាន​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​របស់​ជីវិត​ដ៏​មិន​ចេះ​សូន្យ​ឡើយ​នោះ​វិញ

17. ដ្បិត​មាន​សេចក្ដី​បន្ទាល់​ពី​ទ្រង់​ថា «ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក»

18. ឯ​សេចក្ដី​បញ្ញត្ត​ដែល​មាន​ពី​មុន​មក នោះ​ត្រូវ​លើក​ចោល​វិញ ដោយ​ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍

19. (ពី​ព្រោះ​ក្រឹត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ) ក៏​មាន​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​ជាង​បាន​ចូល​មក​ផង ដែល​យើង​រាល់​គ្នា​នឹង​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ‌សារ​សេចក្ដី​សង្ឃឹម​នោះ។

20. ពួក​សង្ឃ​ទាំង​នោះ គេ​បាន​តាំង​ឲ្យ​មាន​ងារ ដោយ​ឥត​មាន​សម្បថ​ទេ

21. តែ​ទ្រង់​វិញ មាន​ទាំង​ពាក្យ​សម្បថ​ផង ដោយ‌សារ​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​ពី​ទ្រង់​ថា «ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​មិន​ដែល​ផ្លាស់​គំនិត​ឡើយថា ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក»

22. ហើយ​ដោយ​ព្រោះ​ការ‌ងារ​នោះ ដែល​មិន​មែន​ឥត​ពាក្យ​សម្បថ​ដូច្នោះ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ជា​អ្នក​ធានា ពី​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង

សូមអានជំពូកពេញលេញ ហេព្រើរ 7