7. ទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ ទ្រង់បានតាំងឡើងឲ្យត្រួតត្រាលើអស់ទាំងការនៃព្រះហស្តទ្រង់
8. ទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមជើងគេ» ហើយដែលទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នោះគឺមិនបានទុកអ្វី ដែលមិនចុះចូលសោះឡើយ តែសព្វថ្ងៃនេះ យើងមិនទាន់ឃើញគ្រប់ទាំងអស់ចុះចូលនៅឡើយទេ
9. តែយើងឃើញព្រះយេស៊ូវវិញ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាបន្តិច ទ្រង់ពាក់សិរីល្អ និងល្បីព្រះនាម ទុកជាមកុដ ដោយព្រោះទ្រង់បានរងទុក្ខសុគត ដើម្បីនឹងភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយនូវព្រះគុណនៃព្រះ
10. ដ្បិតឯព្រះ ដែលគ្រប់របស់ទាំងអស់សំរាប់ទ្រង់ ហើយដោយសារទ្រង់កាលទ្រង់ចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យទ្រង់បានធ្វើឲ្យមេនៃសេចក្ដីសង្គ្រោះគេ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក
11. ពីព្រោះព្រះអង្គ ដែលញែកជាបរិសុទ្ធ និងពួកអ្នកដែលទ្រង់ញែកជាបរិសុទ្ធ នោះសុទ្ធតែកើតមកពីព្រះតែ១ បានជាទ្រង់មិនខ្មាសនឹងហៅគេជាបងប្អូនទេ
12. ទ្រង់មានព្រះបន្ទូលថា «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងច្រៀងសរសើរពីទ្រង់ នៅកណ្តាលពួកជំនុំ»
13. ហើយ១ទៀតថា «ទូលបង្គំនឹងទុកចិត្តដល់ទ្រង់»
14. ដូច្នេះ ដែលកូនចៅបានប្រកបដោយសាច់ឈាមព្រមគ្នា នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត
15. ហើយឲ្យបានប្រោសដល់ពួកអ្នកនោះ ដែលជាប់ជាបាវបំរើគ្រប់១ជីវិត ដោយខ្លាចស្លាប់ ឲ្យបានរួចចេញវិញ
16. ដ្បិតច្បាស់ជាទ្រង់មិនបានយកពួកទេវតាទេ គឺបានយកពូជលោកអ័ប្រាហាំវិញ
17. ហេតុនោះបានជាគួរឲ្យទ្រង់ បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយ ឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ