គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 13:10-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ

11. ដ្បិត​ឯ​សត្វ​ទាំង​ប៉ុន្មាន ដែល​សំដេច​សង្ឃ​នាំ​យក​ឈាម ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​ព្រោះ​បាប នោះ​ត្រូវ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ

12. ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​ក៏​បាន​រង​ទុក្ខ នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ដែរ ដើម្បី​នឹង​ញែក​ប្រជា‌ជន​ឲ្យ​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់

13. ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ចេញ​ទៅ​ឯ​ទ្រង់ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដែរ ទាំង​ផ្ទុក​សេចក្ដី​ដំនៀល​របស់​ទ្រង់​ចុះ

14. ដ្បិត​នៅ​ស្ថាន​នេះ យើង​រាល់​គ្នា​គ្មាន​ទី​ក្រុង​ណា ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ទេ តែ​យើង​កំពុង​តែ​ស្វែង​រក​ក្រុង​នោះ​ដែល​ត្រូវ​មក

15. ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយ‌សារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់

16. កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ។

17. ចូរ​ស្តាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​អ្នក​ទាំង​នោះ​ថែ​រក្សា ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ។

18. សូម​ជួយ​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ជឿ‌ជាក់​ថា យើង​ខ្ញុំ​មាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ហើយ​ក៏​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ ក្នុង​គ្រប់​ការ​ទាំង​អស់

19. ខ្ញុំ​ក៏​សូម​ជា​លើស​ទៅ​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អធិស្ឋាន សូម​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ​ជា​ឆាប់ៗ។

សូមអានជំពូកពេញលេញ ហេព្រើរ 13