គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 12:7-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ផ្ចាញ់‌ផ្ចាល នោះ​គឺ​ព្រះ‌អង្គ​ទ្រង់​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ‌ផ្ចាល​នោះ

8. តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ត្រូវ​ផ្ចាញ់‌ផ្ចាល​សោះ ជា​សេចក្ដី​ដែល​គ្រប់​គ្នា​ត្រូវ​រង​ទ្រាំ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ

9. មួយ​ទៀត​យើង​រាល់​គ្នា​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយ‌ផ្ចាល​យើង ហើយ​យើង​ក៏​កោត‌ខ្លាច​ដល់​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល ចំពោះ​ព្រះ‌វរ‌បិតា​ខាង​វិញ្ញាណ​ជា​ជាង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​រស់​នៅ​ទេ​ឬ​អី

10. ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង តាម​តែ​ខណៈ​ចិត្ត​របស់​គាត់​ប៉ុណ្ណោះ តែ​មិន​មែន​ជា​យូរ​ឆ្នាំ​ទេ ចំណែក​ព្រះ​ដែល​ទ្រង់​វាយ‌ផ្ចាល នោះ​សំរាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់

11. កាល​ណា​យើង​ត្រូវ​សេចក្ដី​ផ្ចាញ់‌ផ្ចាល នោះ​មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក នោះ​ទើប​បង្កើត​ផល​ដ៏​សុខ​សាន្ត នៃ​សេចក្ដី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​រង​ទ្រាំ​នោះ​វិញ។

12. ដូច្នេះ ចូរ​លើក​ដៃ​ដែល​ស្រពន់​ឡើង និង​ជង្គង់​ដែល​ស្លុត​ដែរ

13. ហើយ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់ សំរាប់​ជើង​អ្នក​រាល់​គ្នា ក្រែង​អ្នក​ណា​ដែល​ខ្ញើច​ត្រូវ​បង្វែរ​ចេញ​ទៅ ស៊ូ​ឲ្យ​បាន​ជា​ឡើង​វិញ។

14. ចូរ​ដេញ​តាម​សេចក្ដី​មេត្រី ចំពោះ​មនុស្ស​ទាំង​អស់​ចុះ ហើយ​ឲ្យ​បាន​ញែក​ជា​បរិសុទ្ធ​ដែរ បើ​អ្នក​ណា​គ្មាន​សេចក្ដី​បរិសុទ្ធ នោះ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​ឡើយ

15. ហើយ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន‌ទែន ក្រែង​មាន​អ្នក​ណា​ខ្វះ​ខាង​ឯ​ព្រះ‌គុណ​នៃ​ព្រះ ហើយ​មាន​ឫស​ជូរ​ចត់​ណា​ពន្លក​ឡើង នាំ​ឲ្យ​ទំនាស់​ចិត្ត រួច​មាន​មនុស្ស​ជា​ច្រើន​បាន​ស្មោក‌គ្រោក ដោយ‌សារ​សេចក្ដី​នោះ

16. ក្រែង​មាន​អ្នក​កំផិត ឬ​មនុស្ស​ទមិល​ណា ដូច​ជា​អេសាវ ដែល​លក់​ច្បាប់​បង​ច្បង​របស់​ខ្លួន សង្វាត​ឲ្យ​បាន​តែ​ម្ហូប​១​មុខ​ប៉ុណ្ណោះ​ដែរ

សូមអានជំពូកពេញលេញ ហេព្រើរ 12