គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 12:19-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ឬ​សូរ​ផ្លុំ​ត្រែ ឬ​ព្រះ‌សៀង​នៃ​ព្រះ ដែល​មាន​ព្រះ‌បន្ទូល​មក ជា​សូរ‌សៀង ដែល​ពួក​អ្នក​ឮ ក៏​អង្វរ​កុំ​ឲ្យ​ព្រះ‌បន្ទូល​បាន​មក​ដល់​ខ្លួន​ទៀត​ឡើយ

20. ដ្បិត​គេ​ទ្រាំ​នឹង​សេចក្ដី​ដែល​បង្គាប់​មក​មិន​បាន គឺ​ជា​សេចក្ដី​ថា «សូម្បី​សត្វ​ណា​ដែល​ពាល់​ភ្នំ នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​ទំលុះ​ដោយ​ព្រួញ»

21. ហើយ​ការ​ដែល​គេ​ឃើញ​នោះ ក៏​គួរ​ស្ញែង​ខ្លាច​ណាស់ ដល់​ម៉្លេះ​បាន​ជា​ម៉ូសេ លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​ភ័យ​ញ័រ​ជា​ខ្លាំង»

22. គឺ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន​វិញ ជា​ទី​ក្រុង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡិម​នៃ​ស្ថាន‌សួគ៌ ហើយ​ដល់​ពួក​ទេវតា​ទាំង​សល់​សែន

23. ដល់​ទី​ប្រជុំ​របស់​មនុស្ស​ទាំង‌ឡាយ និង​ជំនុំ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ ដល់​ព្រះ​ដ៏​ជា​ចៅ‌ក្រម​នៃ​មនុស្ស​ទាំង​អស់ ដល់​អស់​ទាំង​វិញ្ញាណ​នៃ​ពួក​សុចរិត ដែល​បាន​គ្រប់​លក្ខណ៍​ហើយ

24. ដល់​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​កណ្តាល​នៃ​សេចក្ដី​សញ្ញា​ថ្មី ហើយ​ដល់​ព្រះ‌លោហិត ដែល​សំរាប់​នឹង​ប្រោះ ជា​ព្រះ‌លោហិត ដែល​សំដែង​ពី​សេចក្ដី​ប្រសើរ ជា​ជាង​ឈាម​របស់​អេបិល​ទៅ​ទៀត​ផង។

25. ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ស្តាប់​តាម​ព្រះ‌អង្គ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ឡើយ ដ្បិត​បើ​សិន​ជា​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​សំដែង​ព្រះ‌បន្ទូល ឲ្យ​ស្តាប់​នៅ​ផែនដី គេ​មិន​បាន​រួច​ទោស​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​រាល់​គ្នា ដែល​ងាក​បែរ​ចេញ​ពី​ព្រះ ដែល​មាន​ព្រះ‌បន្ទូល​ពី​ស្ថាន‌សួគ៌​មក តើ​តឹង​ជាង​យ៉ាង​ណា​ទៅ

26. សំឡេង​ទ្រង់​បាន​ធ្វើ​ឲ្យ​ផែនដី​កក្រើក​រញ្ជួយ​នៅ​វេលា​នោះ តែ​ឥឡូវ​នេះ ទ្រង់​សន្យា​ថា «អញ​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្តង​ទៀត មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ គឺ​ទាំង​ផ្ទៃ​មេឃ​ថែម​ទៀត​ផង»

27. រីឯ​ពាក្យ​ដែល​ថា «ម្តង​ទៀត» នោះ​សំដែង​ថា របស់​ដែល​ត្រូវ​កក្រើក នោះ​ត្រូវ​រើ​ចេញ ទុក​ដូច​ជា​របស់​ដែល​បាន​ធ្វើ​ហើយ ដើម្បី​ឲ្យ​របស់​ដែល​មិន​បាន​កក្រើក​ទាំង​ប៉ុន្មាន បាន​ធន់​នៅ​វិញ

28. ដូច្នេះ ដែល​ទទួល​នគរ​១​ដ៏​កក្រើក​រញ្ជួយ​ពុំ​បាន នោះ​ត្រូវ​ឲ្យ​យើង​ដឹង​គុណ ដែល​ដោយ‌សារ​សេចក្ដី​នោះ យើង​នឹង​បំរើ​ព្រះ​បែប​ឲ្យ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិ‌បត្តិ ហើយ​កោត‌ខ្លាច​ដល់​ទ្រង់

29. ដ្បិត​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស។

សូមអានជំពូកពេញលេញ ហេព្រើរ 12