គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 11:21-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ាកុប​បាន​ឲ្យ​ពរ​ដល់​កូន​យ៉ូសែប​ទាំង​២ ហើយ​ក៏​ថ្វាយ‌បង្គំ​ព្រះ ទាំង​ច្រត់លើ​ចុង​ឈើ​ច្រត់ ក្នុង​កាល​ដែល​លោក​ហៀប​នឹង​ស្លាប់។

22. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ូសែប​បាន​ប្រាប់​ពី​ដំណើរ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល ដើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ក៏​ផ្តាំ​ពី​ដំណើរ​សព​របស់​ខ្លួន ក្នុង​កាល​ដែល​ហៀប​នឹង​ផុត​ដង្ហើម​ទៅ​ផង។

23. ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ម៉ូសេ​បាន​កើត​មក នោះ​ឪពុក​ម្តាយ​បាន​លាក់​លោក​ទុក​៣​ខែ ឥត​មាន​នឹក​ខ្លាច​ដល់​បញ្ញត្ត​របស់​ស្តេច​ឡើយ ពី​ព្រោះ​បាន​ឃើញ​ថា​ជា​កូន​ថ្លោស​ល្អ

24. ដោយ‌សារ​សេចក្ដី​ជំនឿ លុះ​លោក​ធំ​ហើយ នោះ​លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ

25. លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​សេចក្ដី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​១​ភ្លែតនោះ​វិញ

26. ដោយ​បាន​រាប់​សេចក្ដី​ដំនៀល​ដែល​គេ​តិះ‌ដៀល​ដល់​ព្រះ‌គ្រីស្ទ ទុក​ជា​ទ្រព្យ‌សម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​លោក​សំឡឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ

27. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោត‌ខ្លាច​ដល់​សេចក្ដី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់‌ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ

28. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ធ្វើ​បុណ្យ​រំលង ទាំង​រលាស់​ឈាមពួក​កូន​ច្បង បាន​មក​ពាល់​ដល់​គេ​ឡើយ។

29. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​បាន​ល្បង​ល នោះ​គេ​ក៏​ត្រូវ​លេបបាត់​ទៅ

30. ដោយ‌សារ​សេចក្ដី​ជំនឿ លុះ​គេ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរីខូរ អស់​៧​ថ្ងៃ​ហើយ នោះ​កំផែង​ទី​ក្រុង​ក៏​រលំ​ទៅ

31. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​រ៉ាហាប ជា​ស្រី​សំផឹង មិន​បាន​វិនាស​ទៅ ជា​មួយ​នឹង​ពួក​អ្នក​រឹង‌ចចេស​ឡើយ ពី​ព្រោះ​នាង​បាន​ទទួល​ពួក​ឈ្លប​លប ដោយ​មេត្រី​ចិត្ត។

32. តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត ដ្បិត​គ្មាន​ពេល​វេលា​នឹង​ថ្លែង​ប្រាប់​រឿង​ពី​គេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូ‌អែល និង​ពួក​ហោរា​ទេ

33. ដែល​ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ឈ្នះ​នគរ​ដទៃ បាន​សំរេច​ការ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ

34. បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង ទាំង​កំចាត់​ពល​ទ័ព​សាសន៍​ដទៃ​ផង

35. ពួក​ស្រីៗ បាន​ទទួល​មនុស្ស​ស្លាប់​របស់​ខ្លួន​មក ដោយ​រស់​ពី​ស្លាប់​ឡើង​វិញ ខ្លះ​ត្រូវ​គេ​ធ្វើ​ទុក្ខ​វេទនា ឥត​ទទួល​ការ​ប្រោស​លោះ​ឲ្យ​រួច​ឡើយ គឺ​ដើម្បី​ឲ្យ​បាន​រស់​ឡើង​វិញ​បែប​ប្រសើរ​ជាង

36. ខ្លះ​ទៀត​ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង និង​ជាប់​គុក​ផង

37. ត្រូវ​គេ​ចោល​នឹង​ថ្ម ល្បួង ហើយ​អារ​បណ្តាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ ត្រូវ​ដើរ​វីម‌វាម ទាំង​ស្លៀក​ស្បែក​ចៀម និង​ស្បែក​ពពែ ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប

38. ក៏​ដើរ​សាត់​ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​នៅ​ទី​ភ្នំ ទាំង​នៅ​ក្នុង​រអាង ហើយ​នឹង​រូង​ក្នុង​ដី លោកីយ៍​មិន​គួរ​នឹង​ពួក​អ្នក​ទាំង​នោះ​ទេ

សូមអានជំពូកពេញលេញ ហេព្រើរ 11