គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 11:11-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះ‌ត្រង់

12. ដូច្នេះ ក៏​មាន​មនុស្ស​១​ហ្វូង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​ចេះ​អស់ បាន​កើត​មក​អំពី​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​នោះ​ក៏​ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ។

13. ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ

14. ពួក​អ្នក​ដែល​និយាយ​ដូច្នោះ នោះ​សំដែង​ថា គេ​ជា​អ្នក​រក​ស្រុក​សំរាប់​ខ្លួន​គេ​ពិត

15. ហើយ​បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន

16. តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន‌សួគ៌​វិញ បាន​ជា​ព្រះ​ទ្រង់​គ្មាន​សេចក្ដី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀប‌ចំ​ទី​ក្រុង​១​ឲ្យ​គេ​ហើយ។

17. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក ក្នុង​កាល​ដែល​ទ្រង់​ល្បង​ល​លោក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន លោក​បាន​ថ្វាយ​កូន​លោក​តែ​មួយ

18. ដែល​មាន​សេចក្ដី​ចែង​ទុក​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ឯង​នឹង​បាន​រាប់​តាម​អ៊ីសាក»

19. លោក​បាន​រាប់​ថា ព្រះ​ទ្រង់​អាច​នឹង​ប្រោស​កូន ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។

20. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប និង​អេសាវ ពី​ដំណើរ​ការ​ទៅ​ខាង​មុខ។

21. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ាកុប​បាន​ឲ្យ​ពរ​ដល់​កូន​យ៉ូសែប​ទាំង​២ ហើយ​ក៏​ថ្វាយ‌បង្គំ​ព្រះ ទាំង​ច្រត់លើ​ចុង​ឈើ​ច្រត់ ក្នុង​កាល​ដែល​លោក​ហៀប​នឹង​ស្លាប់។

22. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ូសែប​បាន​ប្រាប់​ពី​ដំណើរ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល ដើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ក៏​ផ្តាំ​ពី​ដំណើរ​សព​របស់​ខ្លួន ក្នុង​កាល​ដែល​ហៀប​នឹង​ផុត​ដង្ហើម​ទៅ​ផង។

23. ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ម៉ូសេ​បាន​កើត​មក នោះ​ឪពុក​ម្តាយ​បាន​លាក់​លោក​ទុក​៣​ខែ ឥត​មាន​នឹក​ខ្លាច​ដល់​បញ្ញត្ត​របស់​ស្តេច​ឡើយ ពី​ព្រោះ​បាន​ឃើញ​ថា​ជា​កូន​ថ្លោស​ល្អ

សូមអានជំពូកពេញលេញ ហេព្រើរ 11