គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 11:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​សេចក្ដី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ

2. ព្រះ​ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​មនុស្ស​ចាស់​បុរាណ ដោយ​ព្រោះ​គេ​មាន​សេចក្ដី​ជំនឿ​នោះ​ឯង

3. យើង​រាល់​គ្នា​ក៏​យល់​ដោយ‌សារ​សេចក្ដី​ជំនឿ​នោះ​ថា លោកីយ៍​បាន​កើត​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ បាន​ជា​របស់​ដែល​មើល​ឃើញ​ទាំង​ប៉ុន្មាន នោះ​មិន​មែន​កើត​អំពី​របស់​ដែល​មើល​ឃើញ​ទេ។

4. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​ដង្វាយ​របស់​កាអ៊ីន ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់ ដោយ​ព្រោះ​យញ្ញ‌បូជា​នោះ​ថា គាត់​សុចរិត ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់ ដោយ‌សារ​ដង្វាយ​នោះ​ឯង។

5. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ហេណុក​បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្ដី​ស្លាប់​ឡើយ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ដ្បិត​កាល​មុន​ដែល​លើក​យក​គាត់​ទៅ នោះ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់​ថា ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គាត់​ណាស់

6. តែ​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។

7. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត‌ខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំសំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ៍​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្ដី​សុចរិត ដែល​ត្រូវ​ខាង​សេចក្ដី​ជំនឿ ទុក​ជា​មរដក​ដែរ។

8. ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រា‌ហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ

9. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា

10. ពី​ព្រោះ​លោក​រង់‌ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ​ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់។

11. ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះ‌ត្រង់

សូមអានជំពូកពេញលេញ ហេព្រើរ 11