គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 10:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ហេតុ​នោះ​បាន​ជា​កាល​ទ្រង់​យាង​មក​ក្នុង​លោកីយ៍ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា និង​ដង្វាយ​ទេ តែ​ទ្រង់​បាន​រៀប‌ចំ​រូប‌កាយ​ឲ្យ​ទូល‌បង្គំ​វិញ

6. ទ្រង់​ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដង្វាយ​ដុត ឬ​នឹង​ដង្វាយ​លោះ​បាប​ដែរ

7. បាន​ជា​ទូល‌បង្គំ​ទូល​ថា មើល ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់ (សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ)»

8. ក្រោយ​ដែល​មាន​ព្រះ‌បន្ទូល​ថា យញ្ញ‌បូជា និង​ដង្វាយ ហើយ​ដង្វាយ​ដុត និង​ដង្វាយ​លោះ​បាប ទ្រង់​មិន​ចង់​បាន​ទេ ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ ជា​របស់​ដែល​គេ​ថ្វាយ​តាម​ក្រឹត្យ‌វិន័យ

9. នោះ​ទ្រង់​ក៏​ថែម​ព្រះ‌បន្ទូល​នេះ​ទៀត​ថា «មើល ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់» ដូច្នេះ ទ្រង់​បាន​លើក​ចោល​សេចក្ដី​មុន ដើម្បី​នឹង​តាំង​សេចក្ដី​ក្រោយ​វិញ

10. គឺ​ដោយ‌សារ​ចំណង់​ព្រះ‌ហឫ‌ទ័យ​នោះ ដែល​យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះ‌យេស៊ូវ​គ្រីស្ទ​១​ដង​ជា​សំរេច។

11. ឯ​អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការ‌ងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ជា​ញឹក‌ញាប់ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ

12. តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្តាំ​ព្រះ នៅ​ជា​រៀង​រាប​ដរាប​ទៅ

13. ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំង​សត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ‌បាទ​ទ្រង់

14. ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប‌ជានិច្ច ដោយ‌សារ​ដង្វាយ​តែ​១​នោះ

15. ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា

16. «ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​នឹង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង»

17. នោះ​ទ្រង់​បាន​បន្ថែម​នូវ​ព្រះ‌បន្ទូល​នេះ​ទៀត​ថា «អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត»

សូមអានជំពូកពេញលេញ ហេព្រើរ 10